(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ បាននិងកំពុងធ្វើការវាស់វែងខ្វៀលដីរបស់ប្រជាពលរដ្ឋ ចេញពីតំបន់អភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ ដែលមានប្រជាពលរដ្ឋ ចំនួន៧០០គ្រួសារ ដោយដំណើរការវាស់វែងនេះ សម្រេចបានជាច្រើនភូមិមកហើយ ដោយឡែកនៅភូមិមួយចំនួនទៀត និងត្រូវបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ។

អភិបាលខណ្ឌជ្រោយចង្វា លោក ឃ្លាំង ហួត បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦នេះថា អាជ្ញាធរខណ្ឌជ្រោយចង្វារ ប្រកាន់នូវគោលជំហរច្បាស់លាស់ គឺការពារផលប្រយោជន៍ប្រជាជន និងជួយដល់ការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផងដែរ។

ជាក់ស្តែងពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ជ្រោយចង្វា លោកអភិបាលបានបញ្ជាក់ថា អាជ្ញាធររបស់យើងកំពុងតែពន្លឿនការវាស់វែងខ្វៀលដីភូមិចាស់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ប្រមាណ៧០០គ្រួសារ ដោយរហូតមកដល់ពេលនេះ អាជ្ញាធរបានសម្រេចវាស់វែងរួចរាល់ បានជាច្រើនភូមិមកហើយ ដោយឡែកនៅភូមិមួយចំនួនទៀត គឺយើងកំពុងតែពន្លឿនការវាស់វែង
ឲ្យបានចប់សព្វគ្រប់នៅពេលដ៏ខ្លីខាងមុខ។ បន្ទាប់ពីបញ្ចប់ការវាស់វែង យើងនឹងសុំគោលការណ៍ របស់សាលារាជធានីភ្នំពេញ ដើម្បីសាលារាជធានីភ្នំពេញ ស្នើទៅរាជរដ្ឋាភិបាលចេញអនុក្រិត្យ ផ្តល់បណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំងនោះស្របច្បាប់។

លោកអភិបាលបានឲ្យដឹងថា ភូមិសង្កាត់ត្រូវវាស់ខ្វៀលកាត់ចេញរួមមាន ភូមិដើមគរ សង្កាត់ព្រែកតាសេក ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប និងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ដោយប្រជាពលរដ្ឋទាំងនោះ បានសម្តែងនូវក្តីត្រេកអរ ចំពោះដំណោះស្រាយ របស់អាជ្ញាធរជាមួយ និងការអភិវឌ្ឍនៅមូលដ្ឋានរបស់ក្រុមហ៊ុនផងដែរ។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បញ្ជាក់យ៉ាងច្បាស់ថា ផ្ទៃដីដែលក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា (OCIC) ទទួលបានការអនុញ្ញាតិធ្វើការអភិវឌ្ឍន៍ ពីសាលារាជធានីភ្នំពេញនោះ មានផ្ទៃដីសរុបចំនួន ៣៨៧ហិកតា ហើយដីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ មានចំនួន ៦ភូមិ ត្រូវនឹង៣សង្កាត់ ក្នុងនោះមានសង្កាត់ ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់ព្រែកលៀប សរុបចំនួនប្រមាណ ៧០០គ្រួសារ ស្មើនឹងផ្ទះដីសរុបចំនួន ៩០ហិកតា។ លោក ឃ្លាំង ហួត បញ្ជាក់បន្ថែមថា លោកគាំទ្រភាគីប្រជាពលរដ្ឋជានិច្ច ធ្វើយ៉ាងណាការពារឲ្យបាននូវ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកអភិបាលខណ្ឌ ឃ្លាំង ហួត បន្តថា ដោយឡែកចំពោះផ្ទៃដីជាង២៩០ហិកតា សម្រាប់អភិវឌ្ឍន៍ដែលនៅសល់ មានផ្ទៃដីមួយចំនួនជា របស់ប្រជាពលរដ្ឋក្រៅមូលដ្ឋាន ហើយអាជ្ញាធររាជធានី បន្តធ្វើការដោះស្រាយប្រកបដោយសន្តិវិធី ភាពស្និទ្ធស្នាល និងយកចិត្តទុកដាក់បំផុត។

គួរជម្រាបថា សាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១១ បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ធ្វើការអភិវឌ្ឍតំបន់ជ្រោយចង្វារ ដោយរហូតមកដល់ពេលនេះ ក្រុមហ៊ុនកំពុងខិតខំអភវឌ្ឍន៍តំបន់នេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្និតស្នាលបំផុតជាមួយនឹងប្រជាពលរដ្ឋ៕