(បន្ទាយមានជ័យ)៖ អ្នកទោសក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ បានស្លាប់ដោយសារជំងឺលើសឈាម និងគាំងបេះដូងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ខណៈការអនុវត្តន៍ទោស នៅសល់រយៈពេលតែ៣ខែទៀតប៉ុណ្ណោះនឹងបានរួចខ្លួន។

មន្ត្រីនគរបាល បានឲ្យដឹងថា អ្នកទោសបានស្លាប់នោះមានឈ្មោះ ជា ឈុនគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅជិតផ្សាររាត្រី ភូមិសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជននេះត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលជាង ២ឆ្នាំ ហើយបានអនុវត្តក្នុង ពន្ធនាគារជិតចប់ហើយ ពោលគឺសល់តែ៣ខែទៀតនឹងផុតទោសហើយ។

បើយោងសាច់ញាតិ បានឱ្យដឹងថា ជនជាប់ឃុំនេះមានជំងឺលើសឈាម ហើយឡើងឈាមរួចដាច់សសៃឈាមក្នុងខួរក្បាលបណ្តាលឱ្យស្លាប់ ក្នុងនោះពេទ្យក្នុងពន្ធនាគា ការបញ្ជូនទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ជួយសង្គ្រោះដែរតែនៅមិនអាចសង្គ្រោះបាន។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕