(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងប្រជុំគណៈអចិន្រ្តៃយ៍ ក្រោមការដឹកនាំរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅម៉ោង១៧៖៣០នាទីល្ងាចថ្ងៃទី២៥ ខែមករានេះ ដើម្បីប្រកាសជំហរមិនគាំទ្រ ចំពោះបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។

ការកោះប្រជុំបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពី អ្នកគាំទ្ររបស់បក្សប្រឆាំង នៅសហរដ្ឋអាមេរិក បានបង្ហើបអំពីផែនការធ្វើបាតុកម្មមួយ ដើម្បីប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពេលសម្តេចទៅចូលរួមកិច្ចប្រជុំ អាមេរិក-អាស៊ាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែក្រោយនេះ។

លោក អេង ឆៃអ៊ាង បានឱ្យដឹងថា «គណបក្សអត់មានគម្រោងការធ្វើបាតុកម្ម ប្រឆាំងនឹង លោកនាយករដ្ឋមន្រ្តីទៅ កាលីហ្វ័រញ៉ាទេ ហើយគណៈអចិន្ត្រៃយ៍គណបក្សនឹងជួបប្រជុំ នៅល្ងាចនេះ ដើម្បីនឹងពិភាក្សាគ្នា ដើម្បីបញ្ជាក់ជំហររបស់យើងជាផ្លូវការជាសាធារណៈ ជៀសវាងកុំឱ្យមានការយល់ច្រលំ»

សូមជំរាបថា នៅមុននេះប៉ុន្មាននាទី គណៈកម្មាធិការគាំទ្រ គណបក្សសង្រ្គោះជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង (សហរដ្ឋអាមេរិក) បានប្រកាសថា ពួកគេមិនមានគម្រោងធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទស្សនកិច្ចនៅកាលីហ្វ័រញ៉ា នៅខែកុម្ភៈខាងមុខនេះនោះទេ។ 

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងតាម Facebook របស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នៅសហរដ្ឋអាមេរិក អំពីគម្រោងការណ៍ធ្វើបាតុកម្មប្រឆាំង សម្តេចតេជោ ហ៊ុន សែន នៅពេលទៅចូលរួមកិច្ចប្រជុំ អាមេរិក-អាស៊ាន នៅពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ ហើយសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបវិញដោយព្រមានថា ក៏នឹងបាតុកម្មមួយនៅប្រទេសកម្ពុជា ដើម្បីប្រឆាំងមេដឹកនាំ គណបក្សប្រឆាំងវិញដូចគ្នា៕