(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា បើទោះបីនៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជា កំពុងជាប់ដៃទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ក្តី ក៏រាជរដ្ឋាភិបាលកម្ពុជា មិនភ្លេចខ្លួនក្នុងការប្រយុទ្ធប្រឆាំងចំពោះលទ្ធភាពចម្លងជំងឺគ្រុនឈាម ជំងឺគ្រុនឈីក និងជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយសត្វមូសខ្លានោះដែរ។

បញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំពីស្ថានភាពនៃការវិវឌ្ឍជំងឺគ្រុនឈីក នៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងដំណាក់កាលដែលយើងកំពុងតែទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ មកក្នុងប្រទេសកម្ពុជាយើង គឺយើងមិនត្រូវភ្លេចពីកិច្ចការពារខ្លួន កិច្ចការពារសុខភាពរបស់ខ្លួនហើយជាពិសេស គឺការអនុវត្តនូវវិធានការអនាម័យបរិស្ថាន អនាម័យផ្ទះសម្បែងរបស់យើង និងការលុបបំបាត់នូវជម្រកមូសខ្លា»

បើតាម លោកស្រី ឱ វណ្ណឌីន បានថ្លែងថា តាមរបាយការណ៍ស្រាវជ្រាវ និងតាមដានដោយយកចិត្តទុកដាក់ពីកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បរាសិតសាស្ត្រ និងបាណកសាស្ត្រ លទ្ធផលនៃការវិភាគនេះ គឺគេសង្កេតឃើញថា លទ្ធផលបានបញ្ជាក់ថា ចំនួន៦៦ភាគរយ នៃការកកើតមូសខ្លា បានបង្កឱ្យកើតជំងឺគ្រុនឈីក និងបង្កឱ្យមានជំងឺគ្រុនឈាមផង និយាយមួយបែបថា៦៦ភាគរយ នៃជម្រកសត្វមូសនេះ គឺសង្កេតមើលឃើញនៅលើសំបកកំប៉ុង ត្រឡោកដូង ចានស្នោ សំបកកងឡាន និងរបស់របរដែលបងប្អូនយើងបានប្រើប្រាស់ឱ្យសត្វផឹកទឹកជាដើម។

លោកស្រី ឱ វណ្ណឌីន បានឱ្យដឹង ដោយឡែកចំនួនតែ ៣៣ភាគរយទេ ដែលបានរកឃើញការកកើតជាដង្កូវទឹក និងវិវត្តទៅជាមូសខ្លា គឺបានរកឃើញនៅតាមពាងទឹក និងអាងទឹក ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការធ្វើអន្តរាគមន៍ គឺទាមទារចាំបាច់បំផុតឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋទាំងអស់គ្នា។ ការប្រើប្រាស់ដោយដាក់ថ្នាំអាបែត នៅតាមពាងទឹក អាងទឹក ប្រសិនបើយើងដាក់បានតាមពាងទឹក និងអាងទឹកទាំងអស់នោះ គឺការពារបានតែចំនួន៣៣ភាគរយនោះទេ ចុះ៦៦ភាគរយទៀត តើយើងត្រូវធ្វើយ៉ាងណា? ដើម្បីបំបាត់នូវមូសខ្លា ដើម្បីបំបាត់នូវជម្រកមូសខ្លានេះ។

លោកស្រី បានបញ្ជាក់ថា ការបាញ់ថ្នាំមូស ក៏មិនមែនជាមធ្យោបាយ ដ៏ស័ក្តិសិទ្ធសម្រាប់ការពារមូសខ្លានោះដែរ។ ការបាញ់ថ្នាំមូសនេះ គឺប្រើប្រាស់សម្រាប់តែមានករណីរាតត្បាតធំធេង ដើម្បីកាត់ផ្តាច់ឱ្យបានជាបន្ទាន់នូវខ្សែចម្លងដែលមូសខ្លា ខាំពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ដូច្នេះហើយមន្ត្រីជំនាញត្រូវតែបាញ់នៅតាមតំបន់ដែលរាតត្បាតជំងឺគ្រុនឈាម ដើម្បីកាត់ផ្តាច់នូវខ្សែចម្លង កត្តាទាំងនេះហើយក្រសួងមិនអាចប្រើប្រាស់ថ្នាំមូសសម្រាប់បាញ់នៅទូទាំងប្រទេសនោះទេ។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសូមលោកជួយសហការធ្វើការផ្សព្វផ្សាយអប់រំ ទៅដល់ប្រជាពលរដ្ឋរបស់យើងឱ្យលោកចេះពីវិធានការអនាម័យ សម្អាតបរិស្ថានជុំវិញលំនៅឋាន របស់ពួកគាត់ជៀសវាងធ្វើម៉េចកុំឱ្យមានជម្រកមូសខ្លា ជាពិសេសកុំមានរបស់របរដែលដក់ទឹក ហើយត្រូវនាំគ្នាប្រមូលសំបកកំប៉ុង ត្រឡោកដូង ចានស្នោដែលបរិភោគហើយកុំចោលពាសវាលពាសកាល ជាពិសេសសំបកកងឡាន ប្រដាប់ដាក់ឱ្យសត្វផឹកទឹក ត្រូវធ្វើយ៉ាងណាលាងសម្អាតវាឱ្យបានញឹកញាប់»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបន្ថែមទៀតថា ចំនួន៦៦ភាគរយ នៃការកកើតសត្វមូសខ្លាដែលកើតឡើងតាមរយៈវត្ថុដក់ទឹក វាជាកត្តាហានិភ័យសម្រាប់ឱ្យការចម្លងឱ្យកើតជំងឺគ្រុនឈាម ខណៈបច្ចុប្បន្ននេះ កម្ពុជាមានករណីផ្ទុះឡើងនៃជំងឺគ្រុនឈិក ដែលជំងឺគ្រុនឈិកនេះ កើតឡើងដោយសារតែសត្វមូសខ្លាញីខាំ។

ការលុបបំបាត់ឱ្យបាននូវវត្ថុដែលដក់ទឹក គឺអាចបំបាត់បានចំពោះការកកើតមូសខ្លា ដែលជាប្រភពចម្លងជំងឺគ្រុនឈាម ជំងឺគ្រុនឈិក បន្ថែមពីនេះមូសខ្លា ក៏ជាប្រភពបង្កឱ្យកើតជំងឺ «ស៊ីការ» ថ្វីតថ្បិតតែកន្លងមកប្រទេសកម្ពុជា មិនទាន់មានករណីផ្ទុះជំងឺនេះក៏ដោយ ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំថា ជំងឺផ្សេងៗទៀត ក៏បង្កឡើងដោយសត្វមូសខ្លាផងដែរ៕