(កណ្ដាល)៖ កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងមានផ្ទៃដីសរុប ១៤ហិកតា ចែកចេញជា៧ស្រះធំៗ ដែលកំពុងចិញ្ចឹមត្រីប្រាចំនួន ៦ស្រះ និងត្រីឆ្ដោ១ស្រះ ដែលមានម្ចាស់កសិដ្ឋាន សុខ វី កំពុងចិញ្ចឹមត្រីប្រមាណ ៦០ម៉ឺនក្បាល ដោយប្រើរយៈពេលខែ៨ ឬ៩ខែទើបអាចប្រមូលផលបាន ប្រមាណ៩០០តោន ក្នុងមួយឆ្នាំ។

ការចិញ្ចឹមត្រីនេះអាចរកប្រាក់ចំណេញបានប្រមាណ ១៥០,០០០ដុល្លារ ក្នុងមួយឆ្នាំ ហើយក្រៅពីការចិញ្ចឹមត្រី លោកក៏បានឆ្លៀតចិញ្ចឹមទាតៃវ៉ាន់ចំនួន ៣,០០០ក្បាល និងមាន់សាច់ចំនួន ៧០០ក្បាលទៀតផងដែរ គ្រាន់បានរួចថ្លៃជួលកម្មករចំនួន ៩នាក់ដែរកំពុងបំរើការនៅក្នុងកសិដ្ឋាន។

លោក សុខ វី បាននិយាយបែបនេះនៅចំពោះមុខលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល នៅក្នុងដំណើរចុះពិនិត្យ ផលិតកម្មកសិកម្ម ធុរៈកិច្ចកសិកម្ម អំពីការចិញ្ចឹមមាន់ ការដាំបន្លែសុវត្ថិភាព និងការចិញ្ចឹមត្រីនៅស្រុកពញាឮ ខេត្តកណ្តាល នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

លោកអភិបាលរងខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ កសិដ្ឋានចិញ្ចឹមត្រី កសិករចិញ្ចឹមមាន់ និងកសិករដាំបបន្លែសុវត្ថិភាព ត្រូវបន្តខិតខំប្រឹងប្រែងពង្រីក និងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀត ដើម្បីបង្កើនសេដ្ឋកិច្ច ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ដែលកិច្ចការនេះមន្ត្រីកសិកម្មគ្រប់ថ្នាក់មានតួនាទីសំខាន់ណាស់ ត្រូវតែចុះជាប់ជាមួយប្រជាកសិករ ត្រូវផ្ដល់បច្ចេកទេស និងដំណោះស្រាយនានានៅពេលដែលពួកគាត់ជួបបញ្ហា។

លោក តាំង ម៉េងលាង ក៏បានជំរុញឱ្យកសិករខិតខំបង្កបង្កើនការផលិតបន្លែសុវត្ថិភាពផងដែរ ពីព្រោះតម្រូវការបន្លែសុវត្ថិភាពមានចំនួនច្រើន ស្របពេលដែលប្រជាពលរដ្ឋទូទៅបាននឹងកំពុងងាកមកបរិភោគ បន្លែសុវត្ថិភាព ដើម្បីសុខភាពល្អ ដែលជាហេតុធ្វើឱ្យបន្លែសុវត្ថិភាពមានតម្លៃសមរម្យ ហើយនេះជាឱកាសដ៏ល្អដែលប្រជាកសិករ អាចបង្កើនប្រាក់ចំណូល ក្នុងវិបត្តិកូវីត-១៩ នេះ ស្របទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយយកវិស័យកសិកម្មជាអតិភាព។

លោកអភិបាលរងខេត្ត និងក្រុមការងារបានយល់ស្របអោយបង្កើតស្តង់សម្រាប់លក់មាន់ស្រែ ដែលបណ្តុំអាជីវកម្មចិញ្ចឹមមាន់ផលិតបាន នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ ហើយលោក ថន សុវណ្ណា អភិបាលស្រុក និងលោកមេឃុំឈ្វាំង ក៏បានយល់ព្រមផ្តល់ម៉ាស៊ីនវៃចំណីចំនួន ៨គ្រឿង តាមសំណូមពរដោយបណ្តុំអាជីវកម្មត្រូវចូលរួមបដិភាគ ចំនួន ១០០ដុល្លារក្នុងមួយគ្រឿង។

លោក ប៊ុនទួន ស៊ីមូណា ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានឱ្យដឹងថា នៅក្នុងស្រុកពញាឮ មានបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន៨ បង្កើតជាបណ្តាញអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន១ មានសមាជិកចំនួន ២៤៨គ្រួសារ និងមានកិច្ចសន្យាទិញលក់ត្រឹមត្រូវ។

លោកបានបន្ថែមថា បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែ ភូមិតាគោក ឃុំឈ្វាំង គឺបង្កើតដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល គាំទ្រថវិកា សម្ភារៈ បច្ចេកទេសដោយកម្មវិធី ASPIRE ដែលកំពុងចិញ្ចឹមមាន់ស្រែ មានមេពូជបង្កាត់បែបធម្មជាតិ មេចំនួន ១០០ក្បាល បាចំនួន ១៨ក្បាល និងបង្កាត់បែបសិប្បនិម្មិតមេចំនួន ៤៤ក្បាល បាចំនួន ៦ក្បាល។

ក្នុងដំណើរចុះពិនិត្យ កសិដ្ឋានចិញ្ចឹមត្រី នៅភូមិចុងកោះ ឃុំកោះចិន លោក តាំង ម៉េងលាន បានថ្លែងនូវការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់កសិដ្ឋានដែលចិញ្ចឹមត្រីបានចំនួនច្រើនបែបនេះ ហើយបាន ជំរុញលើកទឹកចិត្តអោយម្ចាស់កសិដ្ឋានខិតខំប្រឹងប្រែងបន្តទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕