(សៀមរាប)៖ តាមរយៈការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់រថយន្តសម្អាតផ្លូវចំនួន ២គ្រឿង និងម៉ាសចំនួន ២២,០០០ម៉ាស ត្រូវជូនដល់រដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត និងលោក LIU ZHI JIE ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប និង លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សា ភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ។

តាមការបញ្ជាក់របស់លោក YANG ZHAO អនុប្រធានក្រុមប្រឹក្សាភិបាលអគ្គនាយក នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមក អាជ្ញាធរខេត្តសៀមរាប តែងតែធ្វើការគាំទ្រ និងសម្របសម្រួលរាលសកម្មភាព របស់ក្រុមហ៊ុន ក្នុងកិច្ចដំណើរការកសាងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិ ហើយក្រុមហ៊ុន និងស្ថាបនាឱ្យបានរួចរាលនៅក្នុងឆ្នាំ២០២៣។

ក្នុងនាមប្រជាជនខេត្តយូណាន លោកក៏បានបញ្ជាក់ថា នេះគឺជាសមិទ្ធិសង្គម ប្រកបដោយប្រសិទ្ធភាព ដែលបានជួយផ្តល់នូវរថយន្តសម្អាតបរិស្ថានក្នុងក្រុង ដើមី្បគាំទ្រក្នុងកិច្ចអភិវឌ្ឍន៍ក្រុង ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប។ ម៉្យាងទៀតខេត្តយូណាន និងខេត្តសៀមរាប បានចងសម្ព័ន្ធមេត្រីភាពនឹងគ្នាជាយូឆ្នាំមកហើយ ព្រមទាំងមានកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នាហើយក៏ជា ប្រវត្តិសាស្ត្រមួយនេះ និងធ្វើឱ្យខេត្តមួយនេះ ឱ្យកាន់តែមានសោភណ្ឌភាពដ៏ស្រស់ត្រកាលឡើងថែមទៀតផង។

ក្នុងនាមលោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក ពិន ប្រាកដ ក៏បានសម្តែងនូវអំណរគុណចំពោះប្រជាជនខេត្តយូណាន ក៏ដូចក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែលបានផ្តល់នូវរថយន្តសម្អាតបរិស្ថានតាមដងផ្លូវក្នុង ក្រុងសៀមរាប ចំនួន ២គ្រឿង រួមទាំងម៉ាស២២,០០០ម៉ាស ជូនដល់រដ្ឋបាលខេត្តសៀមរាប ដោយខេត្តសៀមរាប និងខេត្តយូណាន បានចងនូវសម្ព័ន្ធមេត្រីភាពនឹងគ្នាចាប់តាំង ពីឆ្នាំ២០០៦ មកដល់ពេលនេះ បានធ្វើការទំនាក់ទំនងសហប្រតិបត្តិការល្អនឹងគ្នា និងទទួលបានលទ្ធផលជាផ្លែផ្កាទៀតផង។

ក្នុងនោះដែរ លោកក៏បានលើកឡើងថា ស្របពេលដែលខេត្តសៀមរាប កំពុងធ្វើការអភិវឌ្ឍន៍ហើយ ក៏ជាការចាំបាច់បំផុតរបស់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការសម្អាតអនាម័យ បរិស្ថានក្នុងក្រុងទេសចរណ៍មួយនេះ ឱ្យកាន់តែស្រស់ស្អាត ប្រកបដោយបរិស្ថាន អនាម័យល្អ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។

លោក ពិន ប្រាកដ បានបន្តទៀតថា ទោះបីនៅលើពិភពលោកជួបនូវបញ្ហាវបត្តិកូវិដ-១៩ ក៏ពិតមែន តែអាជ្ញាធរខេត្តសៀមរាបក៏មិនប្រងើយកន្តើយ លើកិច្ចអភិវឌ្ឍខេត្តដោយបានធ្វើការជួសជុល ស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឡើង ដើមី្បធ្វើឱ្យខេត្តសៀមរាប កាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ទៀតផង។

ជាមួយគ្នានេះ លោកអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តសៀមរាប ដែលតែងតែជួយធ្វើការសម្របសម្រួលដល់កិច្ចការទាំងនេះផងដែរ។

លោក LIU ZHI JIE ក៏បានបញ្ជាក់ថា រាល់កិច្ចទំនាក់ទំនងរវាង ខេត្តទាំងពីរ លោកនឹងធ្វើការសម្របសម្រួលជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនឹងធ្វើឱ្យខេត្តសៀមរាប កាន់តែមានការអភិវឌ្ឍន៍ឡើងថែមទៀត ក្នុងវិស័យទេសចរណ៍ ក្រោយពេលដែលការសាងសង់អាកាសយានដ្ឋានអន្តរជាតិអង្គរ បានរួចរាល់នោះលោកសង្ឃឹមជឿជាក់ថាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប និងមានការឈានឡើងទៀតផង៕