(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពគាស់ដំបូលហាងជួសជុលទូរសព្ទ១កន្លែង និងលួចយកទូរសព្ទ និងគ្រឿងបន្លាស់បានជាច្រើនគ្រឿង។

ជនរងគ្រោះដែលជាម្ចាស់ហាងទូរសព្ទខាងលើមានឈ្មោះ ស្ងួន ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅផ្សាររាត្រី ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោយទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះកងរាជអាវុធហត្ថក្រុងដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំង១ក្រុមចុះស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ គាត ពិសី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដោយដកហូតបានវត្ថុតាងសរុបទូរស័ព្ទ និងអាយផែត ចំនួន១៦គ្រឿង និងគ្រឿងបន្លាស់មួយចំនួនទៀត។

លោក នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត។

ជនសង្ស័យនៅមុខអាវុធហត្ថ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ដំបូលហាងជួសជុលទូរស័ព្ទ១កន្លែង ហើយចូលយកទូរស័ព្ទ និងគ្រឿងបន្លាស់ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាពរួមទាំងមានវត្ថុតាងផងនោះកម្លាំងជំនាញអាវុធហត្ថខេត្តការិយាល័យបទល្មើសព្រហ្មទណ្ឌបានបញ្ជូនជនសង្ស័យ និងវត្ថុតាងបានទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕