(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បាននិងកំពុងកែលម្អសោភ័ណភាពជុំវិញប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅទិសខាងលិចប្រាសាទអង្គរវត្ត ទៅជាសារមន្ទីរលំហដែលជាទីសម្រាកកម្សាន្តថ្មី សម្រាប់ភ្ញៀវទេសចរ ពីព្រោះតែកន្លងទៅប្រាសាទនេះមិនសូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។

បច្ចុប្បន្នប្រាសាទនេះមានស្ថានភាពបាក់បែកទ្រុឌទ្រោមនៅសល់តែគ្រឹះ ហើយមានសល់រចនាសម្ពន្ធប្រាសាទ សម្ភារៈ ស្លាកស្នាមនៅសល់ ជើងទម្រ ព្រះសីសៈព្រះពោធិសត្វប្រាជ្ញបារមីតារចនា ប័ទ្មបាយ័ន្ត និងសសរពេជ្រ ដែលតាមអ្នកជំនាញសន្និដ្ឋានថាប្រាសាទនេះសាងសង់ឡើងក្នុងសតវត្សទី១២ តាមរចនាប័ទ្មបាយ័ន្ត។

នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយប្រហែលជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន។

ក្នុងឱកាសចុះពិនិត្យការដ្ឋានកំណាយប្រាសាទបាយក្អែក នៅថ្ងៃទី០៣ ខែសីហា កន្លងមកនេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្រេចជាមួយអ្នកជំនាញពាក់ព័ន្ធ រួមគ្នាលើកតម្លៃប្រាសាទបាយក្អែកឱ្យក្លាយជាសារមន្ទីរលំហ ដើម្បីទាក់ទាញទេសចរ និងអភិរក្សសំណង់ប្រាសាទឱ្យផុតពីហានីភ័យ។

ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទស្សនា សម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕