(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ព្រមទាំងអនុប្រធាន ក្រុមការងារ សមាជិក សមាជិកា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ បានបើកវេទិកាសាធារណៈ ដើម្បីជម្រាបជូនអំពីស្ថានភាពនយោបាយ សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ស្វែងយល់ស្ថានភាពជីវភាព រស់នៅ ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំក្រាំងល្វា។

វេទិកាបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ លើកឡើងជាសំណួរ សំណូមដោយផ្ទាល់មាត់ និងជាលិខិតក្នុងនោះមានចំនួន ៣០ករណី ដែលមានបញ្ហាទំនាស់ដីធ្លីចំនួន ១៩ករណី ស្នើសុំជួសជុលផ្លូវ ៥ករណី តភ្ជាប់បណ្តាញអគ្គិសនី ៤ករណី ជីកប្រឡាយទឹក ១ករណី និងជីកអណ្តូងស្នប់១ ករណីស្មើនឹងអណ្តូងចំនួន៣។ ក្នុងនោះក្រុមការងារ អាជ្ញាធរនិងមន្ទីរជំនាញបានធ្វើការបកស្រាយបំភ្លឺ ហើយសំណើរ និងសំណូមពរ ដែលនៅសេសសល់ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ដោយកំណត់ពេលប្រជុំដោះស្រាយតាមករណីនីមួយៗ នៅពេលក្រោយ។

ក្នុងឱកាសនោះដែរ ប្រធានក្រុមការងារ បានណែនាំដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន និងត្រូវធ្វើអនាម័យជាប្រចាំ ដើម្បីការពារពីជំងឺកូវីដ-១៩ ត្រូវអនុវត្តតាមវិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ក្នុងនោះលោកក៏បានផ្តាំផ្ញើ និងណែនាំដល់សមាជិក សមាជិកា ក្រុមការងារ ពិសេសអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ កំណត់អត្តសញ្ញាណវត្តអារាម និងប្រជាពលរដ្ឋដែលមានការខ្វះខាតនៅក្នុងភូមិទាំងអស់ នៃឃុំទាំង០៩ ក្នុងស្រុកសាមគ្គីមានជ័យ៕