(ភ្នំពេញ)៖ សៀវភៅ «បណ្តុំទស្សនៈ ឬ The Philosophy Collection» គឺជាវណ្ណកម្មទី៧ របស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ ដែលពិធីសម្ពោធរៀបចំឡើង នៅបណ្ណាគារម៉ូនូមែនប៊ុក។

លោកឧកញ៉ា គួច ម៉េង លី បានឲ្យដឹងថា ថវិកាដែលបានមកពីការលក់សៀវភៅនេះ និងសៀវភៅទាំង ៦ក្បាលទៀត នឹងបរិច្ចាគជូនមូលនិធិ ម៉េងលី ជេ. គួច យកទៅជួយផ្នែកការងារមនុស្សធម៌។ និយាយជារួម ការនិពន្ធសៀវភៅរបស់លោក មិនមែនដើម្បីរកកម្រៃឡើយ ប៉ុន្តែជាសកម្មភាពរួមចំណែក ជួយលើការងារសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍន៍វិស័យអប់រំ ផ្តោតលើអក្សរសាស្ត្រជាតិ។

វណ្ណកម្មថ្មីស្រឡាងនេះ ត្រូវបានរំពឹងថា នឹងមានការគាំទ្រច្រើនពីប្រិយមិត្តអ្នកអាន ដូចសៀវភៅចេញផ្សាយមុនៗដែរ។ នេះជាការបន្ថែម របស់ឧកញ៉ា គួច ម៉េងលី។

សូមបញ្ជាក់ថា «បណ្ដុំទស្សនៈ» មានចំណុចដែលត្រូវស្វែងយល់ រួមមាន៖

១៖ កិច្ចពណ៌នាអំពីសៀវភៅ៖ បណ្ដុំទស្សនៈ មានកម្រាស់៣០៦ទំព័រ ហើយការបោះពុម្ពលើកទី១ មានចំនួន ៣ ០០០ក្បាល។

២៖ ខ្លឹមសារសៀវភៅ៖ រៀបរាប់អំពីដំណើរជីវិត បទពិសោធ និងភាពជោគជ័យ ដែលអ្នកនិពន្ធបានឆ្លងកាត់កន្លងមក និងរៀបរាប់អំពីគន្លឹះក្នុងការកសាងសុភមង្គល ការអប់រំ ការជំរុញលើកទឹកចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និងគតិអាជីវកម្ម។

៣៖ ប្រភេទសៀវភៅ៖ ជាប្រភេទកម្រងបណ្ដុំទស្សនៈ ដែលអាចផ្ដល់ចំណេះដឹង ឬពុទ្ធិដល់មិត្តអ្នកអានគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ស្រទាប់វ័យ។

៤៖ គុណតម្លៃសៀវភៅ៖ វណ្ណកម្មនេះកើតចេញពីទស្សនៈ និងគំនិតផ្ទាល់របស់ លោកឧកញ៉ា គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍នៃទស្សនៈ ឬគំនិតរបស់ទ្រឹស្ដីណាមួយនោះឡើយ។ មិនតែប៉ុណ្ណោះ សៀវភៅនេះ នឹងធ្វើឱ្យអ្នកអានចេះកសាងសុភមង្គលក្នុងគ្រួសារ ចេះតស៊ូក្នុងដំណើរជីវិត និងចេះជំរុញលើកទឹកចិត្តខ្លួនឯង។ បន្ថែមពីនេះ នឹងធ្វើឱ្យអ្នកអានយល់ដឹងកាន់តែច្បាស់អំពីភាពជាអ្នកដឹកនាំ ស្គាល់ផ្លូវទៅកាន់ភាពជោគជ័យ រួមទាំងយល់ដឹងពីការធ្វើអាជីវកម្មផងដែរ។ រឹតតែពិសេស សៀវភៅនេះនឹងធ្វើឱ្យអ្នកអាន ជាពិសេសសិស្សនិស្សិត បានយល់ដឹងពីគន្លឹះរៀនសូត្រ ថារៀនយ៉ាងម៉េចដើម្បីទទួលបានសមត្ថភាព ចំណេះដឹង និងផ្លែផ្កាពិតប្រាកដនាអនាគតកាល៕