(ភំ្នពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំកិច្ចប្រជុំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាមួយតំណាងក្រុមហ៊ុនដឹកអ្នកដំណើរ និងដឹកទំនិញ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ តំណាងសមាគមដឹកជញ្ជូនកម្មករ-ទំនិញ តំណាងក្រុមហ៊ុនប្រេង នូវបញ្ហាប្រឈម និងសំណូមពររួចមក នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងអរគុណចំពោះការចូលរួមរបស់តំណាងក្រុមហ៊ុននីមួយៗ ដែលលោកនឹងប្រមូលផ្តុំមតិយោបល់ទាំងអស់នេះ រាយការណ៍ជូនថ្នាក់ដឹកនាំ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា បញ្ហាសំណូមពរមួយចំនួន ដែលដោះស្រាយបាន លោកនឹងឆ្លើយតបទៅវិញក្នុងពេលឆាប់ៗ ជាពិសេសសំណូមពររបស់តំណាង ប ស ស, សំណូមពររបស់តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក៏ដូចជាខាងសមាគមដឹកជញ្ជូនកម្មករ-ទំនិញ និងអ្នកដំណើរ ផងដែរ។

អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា ចំពោះមុខក្នុងចំណោមសំណូមពរទាំងអស់ លោកសូមឲ្យបង្កើនការទំនាក់ទំនងរវាងនគរបាល ជាមួយតំណាងទាំងអស់ ជាពិសេសលោកបានស្នើឲ្យបង្កើតចងក្រងជាគ្រុប សម្រាប់ទំនាក់ទំនងតាមបណ្តាញសង្គម និងឲ្យលេខទូរស័ព្ទស្នងការរង និងនាយការិយាល័យ ទទួលបន្ទុកការងារចរាចរណ៍ ដើម្បីងាយស្រួលទាក់ទង។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានសង្កត់ធ្ងន់លើបញ្ហាមួយចំនួនដូចជា៖

* ទី១៖ ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាល បានយកការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកជាធំ
* ទី២៖ ការរឹតបន្តឹងច្បាប់មិនមែនសមត្ថកិច្ចចង់បានលុយនោះទេ គឺសមត្ថកិច្ចមានបំណងតែមួយគត់ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ
* ទី៣៖ ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ គឺជាអាទិភាពធំបំផុត និងសូមឲ្យគ្រប់ក្រុមហ៊ុនតំណាងភាគីទាំងអស់ ដាក់បញ្ហាបង្កានេះជាចម្បង
* ទី៤៖ បញ្ហាគ្រឿងញៀន លោកមានការព្រួយបារម្ភ ចំពោះអ្នកបើកបររថយន្តធុនធំ គឺ៣០ភាគរយ មានសារធាតុញៀន ពិសេសរថយន្តដែលមិនមែនជាក្រុមហ៊ុន។

ដើម្បីបន្តជំរុញការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ក្នុងឆមាសទី២ ខាងមុខនេះ នាយឧត្តមសេនីយ៍ បានសំណូមពរដូចខាងក្រោម៖

* ទី១៖ សំណូមពរទៅស្ថាប័នជំនាញ ខិតខំជំរុញដាក់ចេញវិធានការ ឬបទដ្ឋានក្រោមច្បាប់ ដើម្បីដោះស្រាយចំពោះមធ្យោបាយផ្ដុំ កែច្នៃមិនគ្រប់លក្ខណៈបច្ចេកទេស រ៉ឺម៉កកែច្នៃ គោយន្តកែច្នៃ ម៉ូតូសណ្តោង-រថយន្ត ម៉ូតូគ្មានពន្ធ និងម៉ូតូចាស់ៗ របស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលដល់ជីវភាព និងបន្សាបឥទ្ធិពលចំពោះទស្សនៈទុទ្ទិដ្ឋិនិយម មានចេតនាមួយចំនួនប្រឆាំងការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។

* ទី២៖ ស្នើអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត លើកកម្ពស់តួនាទីទទួលខុសត្រូវ ក្នុងការដឹកនាំរឹតបន្តឹង និងការផ្សព្វផ្សាយអនុវត្ត ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

* ទី៣៖ ស្នើសុំគ្រប់ស្ថាប័នរដ្ឋ បន្តអប់រំមន្ត្រីរាជការក្រោមឱវាទ ធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងការគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕