(កំពង់ចាម)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណ:ថ្នាក់កិត្តិយស ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃ រាជនៃព្រះរាជាណាចក្រ កម្ពុជា និងជាព្រះអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បាននាំយកទេយ្យទានមានអង្ករ ៥០០គីឡូក្រាម ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី៥យួរ មី១៥កេស ទឹកផ្លែឈើ ១០កេស និងថវិកា ១លានរៀលឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា ជនចាស់ជរា មួយកន្លែងនៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ដោយក្នុងមណ្ឌលនោះមានកុមារកំព្រាចំនួន៦៥នាក់ ចាស់ជរា១៥នាក់ អ្នកមើលថែ និងចុងភៅ១០នាក់។

នៅក្នុងពិធីនេះដែរក៏មានការចូលរួមអមការនិមន្តដោយព្រះសន្តិកោសល ប៉ិន គង្គា ព្រះរាជាគណៈថ្នាក់កិត្តិយសទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា, ព្រះគ្រូបញ្ញាបទីបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងមានថ្នាក់ដឹកនាំមន្រ្តីសង្ឃមួយចំនួនទៀតផងដែរ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកាថា ដោយមើលឃើញពីការខ្វះខាត និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយហេតុផ្សេងៗ កុមារកំព្រា ជនចាស់ជរា ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅលើពិភពលោក ហើយនៅប្រទេសកម្ពុជាក៏រងផលប៉ះពាល់ជំងឺនេះផងដែរ។

ព្រះមេត្តិសត្ថា វង្ស កុសល ក៏បានអំពាវនាវដល់កុមារកំព្រាទាំងអស់ ត្រូវចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ កុំឱ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍។

ប្រធានមណ្ឌលកុមារកំព្រា ជនចាស់ជរា ក៏បានថ្លែងនូវព្រះរាជអំណរព្រះគុណយ៉ាងជ្រាវជ្រៅដល់ព្រះមេត្តិសត្ថា វង្ស កុសល ដែលមានព្រះទ័យជ្រះថ្លា ផ្តល់នូវទេយ្យទាន ឧបត្ថម្ភជូនមណ្ឌលកុមារកំព្រា ជនចាស់ជរានាពេលនេះ។ ទេយ្យទានរបស់ព្រះអនុគណស្រុករលាប្អៀរ និងសហការី ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាព មនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ជួយដល់កុមារកំព្រា និងជនចាស់ជរាគ្មានទីពឹង ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា៕