(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងសហការីនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះប្រគល់ផ្ទះថ្មីចំនួន៤ខ្នង ដែលទើបសាងសង់រួច មានទំហំ៤x៦ម៉ែត្រ សាងសង់ពីឈើរនាបក្រាលក្ដារ ជញ្ជាំងក្តារ និងដំបូលប្រក់ស័ង្កសី ដែលជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ជូនគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៤គ្រួសារ និងផ្តល់អំណោយជូនដល់ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន៤១គ្រួសារបន្តទៀត មកពីស្រុកចំនួន៣ ក្នុងខេត្តកំពង់ធំ។

ជនចាស់ជរាគ្មានទីពឹងដែលទទួលបានផ្ទះមានទី១៖ ឈ្មោះ លាស់ សេន ភេទស្រី រស់នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ, ទី២៖ ឈ្មោះ ឌិន ម៉ៅ ភេទប្រុស រស់នៅភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ, ទី៣៖ ឈ្មោះ ទឹម ថេត ភេទស្រី រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងទី៤៖ ឈ្មោះ វិញ ហុកស្រៀង ភេទប្រុស រស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរលោក សុខ លូ បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក សុខ លូ បានបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កំពុងតែមានការរីករាលដាលទូទាំងពិភពលោកគួរឲ្យព្រួយបារម្ភ ជាពិសេសនៅ ពេលខាងមុខនេះប្រមុខរាជរដ្ឋាភិបាលបានផ្ដល់នូវថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែរ។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមរក្សា អនាម័យជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាម ខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

បន្ថែមពីនេះលោកក៏បានស្នើឱ្យប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនារដូវវស្សានេះ ជាពិសេសការកើតឡើងវិញនូវជំងឺគ្រុនឈីក (CHIK) ដែលប្រឈម ទៅនឹងហានិភ័យឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈមូសខ្លាញី និងសំអាតបរិវេណជុំវិញផ្ទះដោយកំចាត់ចោលរាល់វត្ថុដែលអាចដក់ទឹកបាន ត្រូវដេក ក្នុងមុង ស្លៀកពាក់ខោអាវវែង មិនត្រូវអង្គុយ ឬសំរាកនៅកន្លែងដែលមិនមានពន្លឺគ្រប់គ្រាន់នោះទេ។

សូមបញ្ជាក់ថា ក្នុងពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋទាំង៤គ្រួសារ និងចែកអំណោយដល់ប្រជាពលរដ្ឋ ពលរដ្ឋក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ត្រីខកំប៉ុង ១ឡូត៍ មី ១កេស កន្ទេលចំនួន១ ឃីត១កញ្ចប់ ច្រាសដុះខោអាវ១ និងសាប៊ូ ១ដុំ ៕