(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពនានា បានទទួលអំណោយរថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ពីលោកអភិបាលខេត្តសុរិន្ទ នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង។

នៅក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលថៃ ពិសេសលោកអភិបាលខេត្តសុរិន្ទ ដែលជាខេត្តជាប់ព្រំដែនជាមួយខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដែលជានិច្ចជាកាលតែងធ្វើការសហការគ្នាបានយ៉ាងល្អប្រសើរ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំង២។

លោកអភិបាលខេត្តបានថ្លែងបញ្ជាក់ថា រថយន្តសង្រ្គោះបន្ទាន់មួយគ្រឿង ដែលជាអំណោយរបស់រដ្ឋបាលខេត្តសុរិន្ទនៃប្រទេសថៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឲ្យការងារដឹកជញ្ជូន ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា។

ជាមួយនោះ លោកអភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលខេត្តឧត្តរមានជ័យ ត្រូវថែរក្សារថយន្តនេះឲ្យបានល្អ ដើម្បីជាប្រយោជន៍ឲ្យអោយការប្រើប្រាស់បានយូរអង្វែង៕