(កណ្តាល)៖ ក្រោយពិនិត្យឃើញថា តំបន់ព្រៃលិចទឹក តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបុគ្គលមួយចំនួន បានធ្វើការបំផុសបំផុលចលនាឱ្យធ្វើការកាប់រាន ដុត ឈូសឆាយ រុករាន ហ៊ុំព័ទ្ធ បែងចែកកាន់កាប់ដីព្រៃលិចទឹក ដីតំបន់ការពារធម្មជាតិ ដីតំបន់អភិរក្ស ទិញ-លក់ដីរដ្ឋខុសច្បាប់ ដើម្បីវាតយកជាកម្មសិទ្ធិនោះ អភិបាលស្រុកលើកដែក បានដាក់ចេញវិធានការ និងណែនាំឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវរាល់ការបំផុសបំផុលចលនាទាំងនោះ ទោះនីតិបុគ្គល ឬរូបវ័ន្តបុគ្គល។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុក ចាប ច័ន្ទវិទ្យា បានបង្គាប់ឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ ការិយាល័យ និងអង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើគំនូសបង្ហាញទីតាំងដី នៅក្នុងតំបន់ដីព្រៃលិចទឹក និងតំបន់ដីអភិរក្សរបស់រដ្ឋ នឹងត្រូវនិរាករណ៍រាល់លិខិតបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើគំនូសបង្ហាញទីតាំងដី។

លោកបានព្រមានថា អ្នកដែលបានទន្ទ្រានកាន់កាប់ដីខុសច្បាប់កន្លងមក ត្រូវរុះរើ ខ្ទម តង់ និងសំណង់បណ្តោះអាសន្ន ហើយប្រគល់ដីមកជូនរដ្ឋវិញដោយឥត លក្ខខណ្ឌ។ គណៈកម្មការអធិការកិច្ចដីរដ្ឋថ្នាក់ស្រុក ត្រូវដឹកនាំមន្ត្រី ដោយសហការជាមួយការិយាល័យជំនាញ ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនិងតំបន់ព្រៃលិចទឹក និងតំបន់ដីអភិរក្ស ក្នុងស្រុកលើកដែកដល់មហាជន ជាពិសេសប្រជាជនមូលដ្ឋាន។

គណៈកម្មការអធិការកិច្ចដីរដ្ឋថ្នាក់ស្រុក ការិយាល័យ អង្គភាពជំនាញ ត្រូវចាត់វិធានការការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានដីព្រៃលិចទឹក និងតំបន់ដីអភិរក្ស ដើម្បីវាតយកដីធ្វើជាកម្មសិទ្ធិ និងបញ្ឈប់ការបញ្ជាក់លើឯកសារកាន់កាប់ដីរបស់រដ្ឋ ដើម្បីស្នើសុំធ្វើជាកម្មសិទ្ធិ។

រដ្ឋបាលស្រុកលើកដែក សូមស្នើដល់ការិយាល័យ អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាព ល្មើសដូច បានរៀបរាប់ខាងលើ ដោយផ្អែកលើច្បាប់ជាធរមាន។ ក្នុងពេលអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចមិនទទួល ខុសត្រូវ ចំពោះការខូតខាត ឬការបាត់បង់ និងករណីការប្រព្រឹត្តសកម្មភាព ខុសច្បាប់នោះឡើយ។

អាជ្ញាធរស្រុកថែមទាំងបានចាត់ឲ្យគណៈកម្មការអធិការកិច្ចដីរដ្ឋថ្នាក់ស្រុក ការិយាល័យ-អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយសេចក្តីជូន ដំណឹងនេះឱ្យ ទូលំទូលាយដល់មហាជន និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា ដោយមិនប្រព្រឹត្តសកម្មភាពល្មើសគ្រប់រូបភាពនៅក្នុងតំបន់ដីព្រៃ លិចទឹក និងតំបន់ដីអភិរក្ស ព្រមទាំងផ្តល់កិច្ចសហការក្នុងការអនុវត្តវិធានការ ច្បាប់ចាំបាច់នានា ដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ជាមួយគ្នានេះ នៅឃុំព្រែកទន្លាប់ លោក ងី សារី ក៏បានកោះអញ្ជើញមេ៥០ខ្នង មេភូមិ កម្លាំងប្រជាការពារ មន្ត្រីនគរបាលប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំចំនួន៩រូបមកកាន់សាលាឃុំនៅព្រឹកថ្ងៃទី១០ ខែ សីហាដើម្បីផ្សព្វផ្សាយពីការដាក់វិធានការទប់ស្កាត់នេះផងដែរ។

នៅក្នុងការផ្សព្វផ្សាយនោះ លោក ងី សារី និយាយថា កន្លងមកជាច្រើនឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានក្រុមឈ្មួញប្រកបរបរទទួលទានដីធ្លីនេះ គឺគេបានប្រើប្រាស់គ្រប់រូបភាព ធ្វើយ៉ាងណាទិញដីនេះ​ ឈានទៅដល់ការកាន់កាប់ និងស្នើសុំធ្វើជាកម្មសិទ្ធិ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន ដែលមិនបានគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយចាញ់កលល្បិចរបស់ឈ្មួញ ដោយឈ្មួញឃោសនាថា ឲ្យចុះទៅវាស់ដីទៅគេឲ្យក្នុងមួយគ្រួសារ ១ពាន់ដុល្លារ ដែលនេះគឺជាពាក្យចចាមរាម ហើយពាក្យចចាមរាមទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនតូចមានការជឿជាក់។

លោកអភិបាលស្រុកបានចាត់វិធានការ ទាំងការផ្សព្វផ្សាយអប់រំ និងវិធានការអនុវត្តទៅដល់ទីតាំងកើតហេតុជាក់ស្តែង។ ដោយឡែកកិច្ចប្រជុំថ្ងៃនេះ លោកសូមឲ្យក្រុមប្រឹក្សាឃុំ មន្ត្រីភូមិ ក៏ដូចជា មេ៥០ខ្នង ជួយផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងនេះឲ្យបានទូលំទូលាយចែកជូនទៅដល់ក្រុមមេខ្យល់ដែលប្រកបរបរទទួលទានដីធ្លី ឬក៏យកបិទផ្សាយនៅតាមតំបន់ទីប្រជុំជន, តាមហាងកាហ្វេ និងនៅតាមតូបលក់ដូរនានានៅតាមផ្សារក្តី នៅតាមភូមិក្តី។

លោកបន្តថា ក្រោយពីការផ្សព្វផ្សាយនេះហើយ បើសិនជាពួកគាត់នៅតែបន្តប្រព្រឹត្តទៀតនោះ រដ្ឋបាលឃុំនឹងសុំគោលការណ៍ទៅរដ្ឋបាលស្រុក សុំកិច្ចសហការពីសមត្ថកិច្ចនានាដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ព្រោះកាលពីពេលថ្មីនេះ មានមេខ្យល់ដើរបំផុស ហើយមេខ្យល់ដែលកំពុងដើរបំផុសនេះ គឺជាប់នៅក្នុងបណ្តឹងរបស់តុលាការ ក្នុងចំណោមមេខ្យល់ចំនួន៩នាក់ ដែលបានធ្វើសកម្មភាពនៅក្នុងភូមិព្រែកតូច ឃុំព្រែកទន្លាប់យើងនេះ ហើយត្រូវបានប្រជាពលរដ្ឋចំនួន១១នាក់ តំណាងឲ្យ ៥១៣គ្រួសារ បានដាក់បណ្តឹងមកសាលាឃុំ ដាក់បណ្តឹងទៅស្នងការដ្ឋាន នគរបាលខេត្ត និងដាក់ទៅសាលាដំបូងខេត្តកណ្តាលពីបទ ញុះញង់ឲ្យមានការទិញលក់ដីត្រួតគ្នា។ អញ្ចឹងចំណុចនេះ តុលាការកំពុងតែដំណើរការទៅតាមនិតិវិធីរបស់តុលាការ។ សម្រាប់រដ្ឋបាលឃុំ បានត្រឹមផ្សះផ្សា សម្រុះសម្រួល អប់រំណែនាំឲ្យគូរភាគីដែលមានទំនាស់គ្នាឲ្យគាត់គោរពច្បាប់ ហើយប្តឹងតវ៉ាគ្នាទៅតាមផ្លូវច្បាប់។

កាលពីម្សិលមិញនេះ លោកសង្កេតឃើញថា មានប្រជាពលរដ្ឋខ្លះនៅតែមិនទាន់អស់ចិត្តនៅឡើយ នៅតែនាំគ្នាទៅបោះបង្គោលចែកដីគ្នាដដែល។ បន្ទាប់ពីកិច្ចប្រជុំនេះ លោកសូមឲ្យជំទប់ទី១-ទី២ មេភូមិ និងកម្លាំងប្រជាការពារភូមិ ចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ទៅដកបង្គោលទាំងអស់នោះចងបាច់យកមកដាកល់នៅសាលាឃុំ និងថតរូបភាពរក្សាទុកនៅសាលាឃុំ។

បង្គោលនៅក្នុងសាលាឃុំយើងនេះ មានទាំងបង្គោលថ្ម បង្គោលបំពង់ទីបជ័រ ដែលក្រុមឈ្មួញយកទៅបោះនៅលើដីរបស់រដ្ឋ និងនៅលើដីរបស់ឯកជន យើងបានអនុវត្តវិធានការដកយក បង្គោលទាំងនោះ ដឹកយកមករក្សាទុកនៅសាលាឃុំ ហើយនឹងអនុវត្តវិធានការនេះបន្តទៀត៕