(ព្រះវិហារ)៖ ក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍ព្រៃឈើក្នុងខេត្តព្រះវិហារ ឱ្យកាន់តែប្រសើរឡើងថែមទៀត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បាននាំពូជឫស្សីទំពាំងផ្អែម និងសម្ភារគាំទ្រដល់ផលិតកម្មឫស្សីទំពាំងផ្អែម ប្រគល់ជូនសហគមន៍ព្រៃឈើចំនួន៣នៅក្នុងខេត្តរួមមាន សហគមន៍ព្រៃឈើ ក្រសាំង, សហគមន៍ព្រៃឈើឆែបលិច និងសហគមន៍ព្រៃឈើសាមគ្គីត្រពាំងទន្ទឹម។

ពិធីប្រគល់ទទួលនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដោយមានការ ចូលរួមពីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ទីប្រឹក្សាកម្មវិធី ASPIRE សហការជាមួយមន្ត្រីការិយាលយ័កសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកឆែប ក៏ដូចជាប្រជាសហគមន៍ ជាច្រើនរូបទៀតផងដែរ។

លោក ពឹង ទ្រីដា បានថ្លែងថា ក្នុងឆ្នាំ២០២០នេះ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលមានភាពធននឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានផ្តល់ពូជឫស្សីទំពាំងផ្អែម និងសម្ភារគាំទ្រដល់ការផលិត ដល់សហគមន៍ព្រៃឈើ ដើម្បីដាំដុះដំណាំឫស្សីទំពាំងផ្អែមដោយសហគមន៍ នីមួយៗទទួលបានស្រះទឹកមួយ កូនឫស្សីទំពាំងផ្អែម៧០០កូន រទេះរុញ១ ម៉ាស៊ីមបូមទឹក១ និងជញ្ជីងថ្លឹងមួយ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងទៀតថា ក្រៅពីការទទួលបានផលអនុផលពីព្រៃឈើ ដូចជាដកផ្សិត វល្លិ៍ និងធនធានធម្មជាតិផ្សេងៗទៀតនោះ ប្រជាសហគមន៍ នឹងទទួលបានផលកម្រៃពីដំណាំឫស្សីទំពាំងផ្អែមនេះមួយទៀតនៅពេលខាងមុខ ដែលករណីនេះលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវចូលរួមដាំដុះ និងថែរក្សាឫស្សី ទំពាំងផ្អែមនេះឱ្យបានល្អតាមការណែនាំពីមន្ត្រីជំនាញ៕