(ភ្នំពេញ)៖ ធនាគារ ហ្វីលីព (Phillip Bank) បានរៀបចំព្រឹត្តិការណ៍ «ជម្រើសទូទាត់ឌីជីថលដ៏សំបូរបែប» សម្រាប់អតិថិជន ដៃគូ និងបុគ្គលិករបស់ខ្លួន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលក្នុងរាជធានីភ្នំពេញ ដែលទើបតែបានកែលម្អតាមស្តង់ដារថ្មី ចាប់តាំងពីធនាគារ ហ្វីលីព បានរួមបញ្ចូលគ្នាជាមួយ គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត កាលពីដើមឆ្នាំមកនេះ។

ពិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក Michael Tan ឯកអគ្គរដ្ឋទូតប្រទេសសឹង្ហបូរី ប្រចាំនៅកម្ពុជា។ ព្រឹតិ្ដការណ៍នេះ ផ្ដោតសំខាន់លើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត (Virtual Debit MasterCard) ប្រភេទថ្មីរបស់ ធនាគារ ហ្វីលីព ដែលនឹងផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដល់អតិថិជនទាំងអស់របស់ ធនាគារ ហ្វីលីព ក្នុងការទិញទំនិញ ឬសេវាតាមអនឡាញ។

កាតនិមិ្មត ដែលអាចប្រើបានដោយស្វ័យប្រវត្តិតាមរយៈកម្មវិធីទូរសព័្ទចល័ត Phillip Mobile app ជំនាន់ថ្មី ផងដែរនោះ នឹងត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ នឹង មិនគិតកម្រៃបន្ថែមលើសេវាផ្សេងៗ ដូចកម្មវិធីដទៃទៀតឡើយ ដែលពេលខ្លះ បូកបន្ថែមថ្លៃសេវាប្រតិបត្តិការមិនពេញលេញ ឬសម្រាប់ “ថ្លៃសេវាប្រើកម្មវិធី” ឫ ខ្លះទៀតបានយកកម្រៃបន្ថែម នៅពេលភ្ជាប់កាតទៅក្នុងកម្មវិធីទិញទំនិញតាមអនឡាញណាមួយ។

លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានថ្លែងថា «ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឲ្យប្រើប្រាស់ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័កាត របស់ធនាគារ ហ្វីលីព ដោយយើងសង្ឃឹមថាអាចជម្រុញ និងពង្រឹងប្រព័ន្ធពាណិជ្ជកម្ម អេឡិចត្រូនិកនៅកម្ពុជា។ ទំហំអាជីវកម្ម ដែលបានកំពុងធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក បានកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានបំណងចូលរួមចំណែកបន្ថែមទៀតក្នុងដំណើរលូតលាស់នេះ»

លោកបន្ដថា «យើងមើលឃើញថា ពាណិជ្ជកម្ម អេឡិចត្រូនិចគឺជាគោលដៅថ្មី សម្រាប់ការធ្វើអាជីវកម្ម ហើយយើងចង់ក្លាយជាផ្នែកមួយនៃវិស័យនេះតាំងពីដំបូងដៃ។ យើងសូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនម៉ាស្ទ័រកាត ដែលបានធ្វើជាដៃគូក្នុងគម្រោងនេះ ហើយយើងមានជំនឿចិត្តថា តាមរយៈកិច្ចសហការនេះ យើងអាចនាំយក ជម្រើសដ៏សំបូរបែប ដើម្បីជីវភាពទាន់សម័យជូនដល់អតិថិជនយើង»

លោកស្រី Winnie Wong នាយកគ្រប់គ្រង ក្រុមហ៊ុន ម៉ាស្ទ័រកាត ប្រចាំតំបន់ វៀតណាម កម្ពុជា និងឡាវ ក៏បានថ្លែងក្នុងពិធីនេះតាមរយៈវីដេអូ និងបានស្វាគមន៍ ធនាគារ ហ្វីលីព មកក្នុងគ្រួសារ កាតនិមិ្មតម៉ាស្ទ័រកាត។

លោកស្រី Wong បានឱ្យដឹងថា «ប្រជាពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា កំពុងតែមានទំនោរផ្តោតខ្លាំងទៅរកផលិតផលឌីជីថលថ្មីៗចុងក្រោយ ដូចជា កាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាត ជាដើម។ កាតនិម្មិតឥណពន្ធ ម៉ាស្ទ័រកាត របស់ ធនាគារ ហ្វីលីព គឺជាការចាប់ផ្តើមជំហានដំបូងរបស់ធនាគារទៅ ក្នុងវិស័យទូទាត់តាមកាតអេឡិចត្រូនិច ហើយ ក៏ជាកិច្ចការដំបូងក្នុងភាពជាដៃគូ របស់ម៉ាស្ទ័រកាត ជាមួយនឹងធនាគារហ្វីលីពផងដែរ»

កាតនេះជាសក្ខីភាពបង្ហាញពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនទាំងពីរ ក្នុងការនាំមកជូនការទូទាត់បែបឌីជីថលដ៏ទាន់សម័យ ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព សម្រាប់ការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋកម្ពុជា។ ម៉ាស្ទ័រកាត មានសេចក្ដីរីករាយដែលបានចាប់ដៃគូជាមួយនឹង ធនាគារហ្វីលីព ដែលជាធនាគាររឹងមាំ និងបម្រើសេវាពេញលេញ ជូនអតិថិជន ហើយយើងត្រៀមលក្ខណៈក្នុងការសហការជាមួយនឹងធនាគារនេះក្នុងការដាក់ឲ្យប្រើប្រាស់សេវាកាតទូទាត់ និងផលិតផលឌីជីថលផ្សេងទៀតនាពេលខាងមុខឆាប់ៗនេះ»។

សូមជម្រាបថា នៅដើមឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៊ី ជាធនាគារពាណិជ្ជលំដាប់ទី៣ ដែលមានសាខាច្រើនជាងគេទូទាំងប្រទេស(៨៩សាខា)៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.mastercard.com