(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានឲ្យដឹងថា ទឹកជំនន់មកពី៣តំបន់ ដែលតែងគំរាមកំហែងរាជធានីភ្នំពេញ។ ទឹកមកពី៣តំបន់នោះគឺ ជំនន់ទន្លេមេគង្គ, ជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកភ្លៀងដែលធ្លាក់យ៉ាងគំហុក ចំផ្ទៃរងទឹកភ្លៀងរបស់រាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ស្ថានភាពរបបជលសាស្ដ្រ ក្នុងអាងទឹកទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ លោក ចាន់ យុត្ថា បានអះអាងថា រហូតមកដល់ពេលនេះ ជំនន់ទឹកទន្លេមេគង្គ លែងបង្កជាហានិភ័យទៀតហើយ ដោយសារតែបានរបាំងការពារយ៉ាងរឹងមាំ គឺទំនប់កប់ស្រូវ។

លោក ចាន់ យុត្ថា បានបន្ថែមទៀតថា ជំនន់ស្ទឹងព្រែកត្នោត ក៏ប្រឈមដូចគ្នាផងដែរដោយសារតែការគោករាក់ និងមាត់ស្ទឹងនៅខាងក្រោមរួមតូច។ ក្រសួងធនធានទឹក និងឧតុនិយម កំពុងសិក្សាដើម្បីដោះស្រាយបញ្ហានេះ តាមរយៈការស្ដារឡើងវិញ ដោយមានការវិនិយោគរបស់ក្រុមហ៊ុនចិន ត្រៀមនឹងចាប់ផ្ដើមអនុវត្ដនៅដើមឆ្នាំក្រោយ។

សម្រាប់ឥទ្ធិពលទឹកភ្លៀងវិញ ទាមទារឲ្យមានការសិក្សាមួយច្បាស់លាស់ ធ្វើយ៉ាងណាពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ រំដោះទឹកឲ្យបានល្អជៀសវាងការកកស្ទះ។ លោកបន្ដថា ប្រព័ន្ធរំដោះទឹកនេះ ធ្វើយ៉ាងណាពេលមានភ្លៀងត្រូវស្រូបយកទឹកឲ្យបានលឿន។ នេះជាការឲ្យដឹងពី លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក។

លោក ចាន់ យុត្ថា បានពន្យល់ថា សម្រាប់ប្រព័ន្ធរំដោះទឹកនៅរាជធានីភ្នំពេញនេះទៀតសោត មិនអាចសាងសង់ស្ថានីយ៍បូមទឹកនៅមាត់ប្រឡាយបាននោះទេ ពោលត្រូវសាងសង់អាងស្ដុកទឹកមួយ ដូចនៅស្ថានីយ៍បឹងត្របែកជាដើម ដើម្បីអាចឲ្យទឹកហូរលឿនរំដោះពីការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្លាក់យ៉ាងគំហុកជាច្រើនម៉ោង។

ជារួម អ្នកនាំពាក្យ ចាន់ យុត្ថា បានអះអាងថា ការគំរាមកំហែង២តំបន់ ត្រូវបានដោះស្រាយ ហើយឈានទៅនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ ខណៈការគំរាមកំហែង ដោយជំនន់ទឹកភ្លៀងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងរួមគ្នាដើម្បីដោះស្រាយជាបន្ដបន្ទាប់ផងដែរ។

ជាការកត់សម្គាល់ នៅពេលមានភ្លៀងខ្លាំងម្ដងៗ តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ផ្សារដើមគរ គឺតែងតែជន់លិចយ៉ាងខ្លាំង ប៉ុន្ដែរយៈពេលប៉ុន្មានម៉ោងក្រោយក៏ហូរអស់ទៅវិញ ដោយសារបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ និងស្ដារឡើងវិញ នូវប្រព័ន្ធរំដោះទឹកតាមរយៈការរៀបចំផ្លាស់ប្ដូរលូដែលមានមុខកាត់ធំជាងមុនជាដើម៕