(ស្វាយរៀង)៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់ និងមនុស្ស ៣នាក់ទៀតរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីក្មេងស្រី ២នាក់ បានយករ៉ូឡូភ្លើង មកសាកថ្មទូរស័ព្ទ ហើយខ្សែភ្លើងនោះមានដាច់លៀនចេញសរសៃស្រាត បណ្ដាលឲ្យឆ្លងចរន្តភ្លើងឆក់បន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ស្ត្រីចំណាស់ដែលឆក់ស្លាប់នោះមានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិសង្កាត់ខាងលើ ចំណែកស្ត្រីចំណាស់ដែលរងរបួសត្រូវជាម្ចាស់ ផ្ទះមានឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរ កសិករ ចំណែកក្មេងស្រីដែលរងរបួស២នាក់ មានឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ ឆ្នាំ មុខរបរសិស្ស និងទី៖ ឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរសិស្ស រស់ក្នុងភូមិសង្កាត់ខាងលើជាមួយគ្នា។

បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរស័ព្ទ ហើយក៏បានអូសយករ៉ូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសរសៃស្រាតនោះ ហើយមិនបានចាប់អារម្មណ៍ យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើងបណ្ដាលឲ្យឆក់ ឃើញបែបនេះស្របពេលនោះលោកយាយឃើញក៏រត់ចូលជួយបណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើល ដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីរពេទ្យ ប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូច មានសភាពធ្ងន់ក៏បានស្លាប់ និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេលផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងសហការជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេក បានមកដល់និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិត ជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕