(ស្វាយរៀង)៖ លោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានជួបពិភាក្សាការងារជាមួយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដើម្បីជួបសម្តែងការគួសម ពិភាក្សាការងារ ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងការអភិវឌ្ឍខេត្តស្វាយរៀង ក៏ដូចជាការដកស្រង់បទពិសោធន៍ល្អៗ ពីរដ្ឋបាលខេត្តយកទៅអភិវឌ្ឍនៅតំបន់ព្រំដែន នៃប្រទេសទីម័រ។

ថ្លែងទៅកាន់ លោក អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស លោក ម៉ែន វិបុល បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន៖ វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសការផ្តល់ការងារធ្វើជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្តជាង ៨ម៉ឺននាក់។

ទន្ទឹមនោះលោកអភិបាលខេត្តបានជម្រាបជូន អំពីស្ថានភាពបច្ចុប្បន្ន និងវិធីសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្នុងនោះរដ្ឋបាលខេត្តស្វាយរៀង ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជាផងដែរ។

លោក ម៉ែន វិបុល ក៏បានថ្លែងនូវការអរគុណចំពោះឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើត ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងរីករាយក្នុងការផ្តល់ មតិបទពិសោធន៍ដើម្បីជំរុញ និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនខេត្តស្វាយរៀង ក៏ដូចជាតំបន់ព្រំដែននៃប្រទេសទីម័រ៕