(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំពិធីផ្សព្វផ្សាយអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគោលការណ៍ណែនាំផ្សេងៗ ឆ្លើយតបនឹងបរិបទកូវីដ-១៩ ក្នុងវិស័យទេសចរណ៍ អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ»។

ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងឲ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួម ពីសមាសភាពពាក់ព័ន្ធ នៅតាមនាយកដ្ឋាន អង្គភាពចំណុះក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ជាច្រើនរូប។

គោលបំណងនៃកម្មវិធី គឺដើម្បីឲ្យមន្ត្រីក្រោមឱវាទក្រសួងមានការយល់ដឹងបន្ថែម លើបច្ចុប្បន្នភាពការងារ និងយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព ឆ្លើយតបនឹងបរិបទកូវីដ-១៩ ជាពិសេសបានស្វែងយល់ស៉ីជម្រៅ ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះស្ត្រីនៅគ្រប់វិស័យទាំងអស់ តាមរយៈអនុសាសន៍របស់សម្តេចតេជោ ដែលបានដាក់ចេញជារៀងរាល់ឆ្នាំសម្រាប់ក្រសួង-ស្ថាប័នយកទៅអនុវត្តន៍ និងត្រួតពិនិត្យបន្ថែម។

អមជាមួយពិធីផ្សព្វផ្សាយនេះ ក្រសួងក៏បានធ្វើការរៀបចំនូវវគ្គបណ្តុះបណ្តាលខ្លីលើប្រធានបទ «ការពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» ផងដែរ ដែលផ្តោតលើទិដ្ឋភាពបួនសំខាន់ៗគឺ៖ ការគោរពឲ្យតម្លៃ គ្មានការរើសអើង គ្មានអំពើហិង្សា និងការជំរុញសង្គមមួយ ដែលទទួលស្គាល់តម្លៃ ជាសេចក្តីថ្លៃថ្នូររបស់ស្ត្រីទាំងនៅក្នុងគ្រួសារ និងក្នុងសង្គមជាតិ។

គួរបញ្ជាក់ថា «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ដោយឡែក លោកស្រី ហ៊ុន ដានី ក៏ជាសមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលតំណាងឲ្យក្រសួងទេសចរណ៍ផងដែរ។

ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

កិច្ចប្រជុំធ្វើឡើង ដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍ លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែដាក់ចេញនូវខ្លឹមសារអនុសាសន៍ជាច្រើន ដើម្បីឲ្យគ្រប់ក្រសួង ស្ថាប័ន យកទៅពិនិត្យ និងអនុវត្តឲ្យបានគ្រប់ជ្រុងជ្រោយ ដោយមិនមើលរំលងពីការចូលរួមរបស់ស្ត្រី និងបញ្ហារបស់ស្ត្រីឡើយ៕