(កណ្ដាល)៖ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំខ្ពប ចំនួន៤បន្ទប់ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីចុងសប្ដាហ៍ កន្លងទៅនេះ លោក គីម រីទ្ធី អភិបាលរងខេត្តកណ្ដាល បានធ្វើការរំលឹកនិងណែនាំបន្ថែមដល់កងកម្លាំងថ្នាក់មូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់លើការបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ និងត្រូវបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដោយធ្វើយ៉ាងណាត្រូវបង្រ្កាបគ្រប់ល្បែងស៊ីសង នៅក្នុង មូលដ្ឋាន បញ្ហាគ្រឿងញៀន និងចោរកម្មជាដើម។

លោកអភិបាលរងខេត្តកណ្តាល បានថ្លែងបន្តថា ការគិតគូរពីសុខទុក្ខ និងកន្លែងធ្វើការសមរម្យរបស់កងកម្លាំង គឺបានផ្តល់កម្លាំងចិត្តក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ កាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក គីម រីទ្ធី ក៏បានកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាល ដែលបានអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក ហើយកងកម្លាំងនគរបាលគ្រប់ ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបថទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន៕