(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយប្រកាសច្រានចោលព័ត៌មានក្លែងក្លាយមួយ ដែលត្រូវបានផ្សព្វផ្សាយមួលបង្កាច់លើបណ្តាញសង្គម Facebook ដោយដកស្រង់សំដីរបស់លោកខុសពីការពិតថា កម្ពុជាបាត់បង់ព្រៃឈើមកពីភ្លើងឆេះ។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូប បានចាត់ទុកថា ការបង្ហោះព័ត៌មានក្លែងក្លាយ និងមិនពិតយ៉ាងដូច្នេះពីសំណាក់ក្រុមប្រឆាំង គឺដើម្បីបំពុលសង្គម ហើយលោកសូមប្រកាសថា ខ្លឹមសារបែបនេះលោកមិនដែលនិយាយ ឬប្រាប់សារព័ត៌មាននោះទេ។

លោក នេត្រ ភក្ត្រា បានបន្តទៀតថា ការបង្កើតរូបភាពនេះ ជាការមួលបង្កាច់ទាំងស្រុង ពីក្រុមប្រឆាំងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិត។

លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំសូមបដិសេធថា ខ្ញុំមិនដែលបាននិយាយដូច្នេះឡើយ។ ក្រុមប្រឆាំងគួរមានភាពចាស់ទុំ និងមានសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មាន។ នេះជាព័ត៌មានមិនពិត។ នេះគឺជាការបង្ហាញថាក្រុមប្រឆាំង ដើរដល់ចំណុចទ័លច្រកដែល គ្មានអ្វីដើម្បីបំពុលសង្គម គឺបង្កើតព័ត៌មានក្លែងក្លាយ»