(បន្ទាយមានជ័យ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ បានបន្តចុះអប់រំផ្សព្វផ្សាយពីច្បាប់ចរាចណ៍ ជូនដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក្នុងក្រុងសិរីសោភ័ណ និងមានកាចែកមួកសុវត្ថិភាព ជូនដល់បងប្អូនពលរដ្ឋ ជាង៣០០មួក ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចណ៍ ដែលតែងតែកើតមាននៅលើដងផ្លូវ។

លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការចុះផ្សព្វផ្សាយអប់រំពីច្បាប់ចរាចណ៍នេះដើម្បីឲ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវមានកាយយល់ដឹង ចូលរួមអនុវត្តនិងគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ក្នុងន័យចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាន។

លោកប្រធានមន្ទី ក៏បានសំណូមពរលដល់បងប្អូនពលរដ្ឋក្នុងឱកាសថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ សូមគោរពច្បាប់ចរាណ៍ទាំងអស់គ្នា បើកបរប្រកដោយការប្រុងប្រយ័ត្ន ពាក់មួក ឬដាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ រាល់ការបើកបរត្រូវមានការយោគយល់អធ្យាស្រ័យ ចំពោះគ្នាទៅវិញទៅមក។

ជាមួយគ្នានោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានចេញនូវសេចក្ដីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសសងថ្ងៃ ឈប់សម្រាកការងារ ដោយត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖

* ទី១៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។

* ទី២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។

* ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាខាត។

* ទី៤៖ ត្រូវគោរពសិទ្ធអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

* ទី៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។

* ទី៦៖ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង។

* ទី៧៖ ត្រួតពិនិត្យលក្ខណៈបច្ចេកទសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យ កង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ-ល-។

* ទី៨៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល សូមមេត្តាកុំដំឡើងថ្លៃ ក្នុងឱកាសនេះ។

* ទី៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក

* ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ។

* ទី១១៖ សូមប្រជាពលរដ្ឋប្រើប្រាស់ផ្លូវទាំងអស់មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់តឹងរឹង ចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ដើម្បីជៀសវាងការ ប្រឈមចំពោះផ្លូវច្បាប់ សូមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិតរបស់ខ្លួនឯងផ្ទាល់ ដើម្បីសុខដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្អូន ដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរបស់ប្រទេសជាតិ៕