(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការវាយតម្លៃ សម្រាប់ការប្រកួប្រជែង ក្រោមគំនិតផ្ដួចផ្ដើម G20 TechSprint។

ក្រោមគំនិតផ្តួចផ្តើម G20 TechSprint ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រធាន G20 និងធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) បានជ្រើសរើសបេក្ខភាពជាក្រុមហ៊ុនចំនួន២០ ក្នុងចំណោម១២៨ មកពីប្រទេសចំនួន៣៥ សម្រាប់ស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមក្នុងផ្នែកត្រួតពិនិត្យ និងនិយតកម្មហិរញ្ញវត្ថុ។

ជាមួយគ្នានេះគណៈកម្មការវាយតម្លៃឯករាជ្យ ក៏ត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន១៤រូបក្នុងនោះមានលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ហើយគណៈកម្មការទាំង១៤រូបសុទ្ធសឹងជាថ្នាក់ដឹកនាំ និងជំនាញការអន្តរជាតិមកពីធនាគារកណ្តាល សកលវិទ្យាល័យល្បីៗ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម G20 TechSprint ដែលបានចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២០ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្ហាញពី សក្តានុពលនៃបច្ចេកវិទ្យា ក្នុងការផ្តល់ដំណោះស្រាយ ចំពោះការអនុលោមតាមបទប្បញ្ញត្តិបច្ចេកវិទ្យា (regtech) និងបញ្ហាប្រឈមនានានៃការត្រួតពិនិត្យ។ ជាក់ស្ដែងកាលពីថ្ងៃទី៦-៧ ខែសីហាកន្លងទៅ ក្រុមបេក្ខជនដែលជាប់ឈ្មោះបន្ទាប់ ពីការជម្រុះជុំទី១ ទទួលបានឱកាស ក្នុងការបង្ហាញនូវដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការវាយតម្លៃឯករាជ្យ និងទទួលបានមតិយោបល់នានា មុនពេលទទួលបានការវិនិច្ឆ័យចុងក្រោយនៅខែតុលា ឆ្នាំ២០២០។

ក្នុងបរិការណ៍នៃការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩គំនិតផ្តួចផ្តើម TechSprint របស់ក្រុមប្រទេស G20 បានកត់សម្គាល់ថា និយតករ និងអ្នកត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុ នឹងនៅតែបន្តធ្វើឱ្យប្រាកដថា ប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដំណើរការប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងបរិយាបន្ន។ គំនិតផ្តួចផ្តើមនេះក៏កត់សម្គាល់ផងដែរថា និយតករ និងអ្នកត្រួតពិនិត្យត្រូវមានឧបករណ៍នានា ដើម្បីកំណត់ភាពងាយរងគ្រោះ និងចែករំលែកព័ត៌មាននៅក្នុង និងក្រៅប្រទេសឱ្យបានទាន់ពេលវេលា ហើយក៏លើកទឹកចិត្តដល់ក្រុមបេក្ខជន ដែលចូលរួមក្នុងការប្រកួតប្រជែង ឱ្យបង្កើតដំណោះស្រាយនានាដែលជួយគាំទ្រ ដល់ដំណើរការនេះផងដែរ៕