(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យជំនាញ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ រួមនឹងម៉ាទឹកកក៣៦ថង់ មានទម្ងន់ស្មើនឹង៧.១៩ក្រាម ទៅតុលាការខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ បន្ទាប់ពីកម្លាំងនគរបាលស្រុកបាណន់ បានឃាត់ខ្លួនក្នុងបទល្មើស ជាក់ស្តែង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី៩ ភូមិតាងែន ឃុំតាគ្រាម ស្រុកបាណន់ កម្លាំងរបស់លោក បានសហការជាមួយកម្លាំងអន្តរាគមន៍ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទក់ បិណ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើក្នុងបទល្មើសជាក់ស្តែង និងរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៦ថង់ មានទំងន់ ៧.១៩ក្រាម និងសម្ភារមួយចំនួនទៀត ហើយបាននាំខ្លួនយកសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួន មកការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត។

លោកវរសេនីយ៍ទោ សុខ និមល បានបញ្ជាក់ទៀតថា បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានបញ្ជាឲ្យមន្រ្តីការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងដែលរឹបអូសបានទៅសាលាដំបូងខេត្តនៅព្រឹកនេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕