(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ធ្ងរ នៅក្នុងហេតុការណ៍បាក់ដងសន្ទូច សង្កត់ប្រជាពលរដ្ឋ នៅក្នុងការដ្ឋានសំណង់អគារមួយកន្លែង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ។

សមត្ថកិច្ចបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលនេះថា នៅវេលាម៉ោងកើតហេតុខាងលើដងស្ទូចដុំបន្ទះបេតុង ប្រវែងប្រមាណ៤០ម៉ែត្រ កំពុងប្រតិបត្តិការស្ទូចបន្ទះដុំបេតុងទំហំប្រមាណ៤ម៉ែត្រ ៤ជ្រុង កម្រាស់១តឹក២ហ៊ុន ដើម្បីដាក់លើអគារកម្ពស់ប្រមាណ២០ម៉ែត្រ របស់ក្រុមហ៊ុន ដឹផាកស៊ីធី មានទីតាំងនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្រាប់តែម៉ាស៉ីនស្ទូចបានផ្អៀង ហើយរលំបន្ទះដុំបេតុងដែលកំពុងតែស្ទូច បណ្តាលសង្កត់លើប្រជាពលរដ្ឋ ដែលកំពុងអង្គុយនៅខាងមុខផ្ទះក្បែរការដ្ឋានខាងលើ បណ្តាលស្លាប់មនុស្សស្រីចំនួន៥នាក់ និងរបួសធ្ងន់ចំនួន៥នាក់។

ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៥នាក់ ក្នុងហេតុការណ៍នេះមានឈ្មោះទី១៖ ឈាន ហុង ភេទស្រី, ទី២៖ ឈ្មោះ យាយ ឡឹក ភេទស្រី, ទី៣៖ សេង មុយគា ភេទស្រី, ទី៤៖ ឈ្មោះ ចៅ លី ភេទស្រី និងទី៥៖ ឈ្មោះ ជឹម សុខណាក់ ភេទស្រី អាយុ២៩ឆ្នាំ។ ចំណែកជនរងគ្រោះទាំង៥នាក់រួមមានទី១៖ ឈ្មោះ សៅ រិទ្ធិ ភេទស្រី អាយុ៤១ឆ្នាំ របួសជើង, ទី២៖ ផល សុលីដា ៣០ឆ្នាំ បាក់ជើង, ទី៣៖ ឈ្មោះ ខាន់ ស្រីឌី ភេទស្រី និងទី៤៖ កា សុម៉ាមាន ភេទស្រី អាយុ ៣៧ឆ្នាំ របួសជើង។

ភ្លាមៗក្រោយពីទទួលបានព័ត៌មានភ្លាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានចូលរួមសោកស្តាយ ចំពោះហេតុការណ៍ដែលកើតមានឡើង បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរងរបួស។

លោកអភិបាលខេត្តក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំង ក្នុងការជួយសង្គ្រោះជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ផងដែរ៕