(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានព្រមានចាត់វិធានការមន្ត្រីក្រោមឱវាទរូបណាដែលហ៊ាន ចុះលើដីធ្លីសាធារណៈរបស់រដ្ឋ ដូចជាកុំពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូតិ៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ និងប្រឡាយជាដើមទៅឱ្យឯកជន។
ការព្រមានបែបនេះរបស់លោក គង់ សោភ័ណ្ឌ បានធ្វើឡើងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក មន្ត្រីជាច្រើននាក់ ព្រមទាំងពលរដ្ឋជាង៤០០នាក់ផ្សេងទៀត។
លោក គង់ សោភ័ណ្ឌ បានព្រមានយ៉ាងដូច្នេះថា៖ «មន្ត្រីក្រោមឱវាទទាំងអស់កុំឱ្យពាក់ព័ន្ធនឹងបញ្ហាដីធ្លីរបស់រដ្ឋ អតីតឡូត៍នេសាទ ដែនឡូត៍នេសាទ បឹងបួរ ប្រឡាយជាដើមខណៈដែលលោក អភិបាលខេត្តព្រមានពីវិធានការអភិក្រមទី៥របស់សម្ដេចតេជោ និងផ្លូវច្បាប់ស្ដីពីបទអំពើពុករលួយ ខណៈដែលគណៈកម្មការទី១០ នៃព្រឹទ្ធសភាទើបតែចុះមកអង្កេតហើយព្រមានលើបញ្ហា អំពើពុករលួយផងដែរនាពេលកន្លងទៅថ្មីៗនេះ»។
មិនត្រឹមតែព្រមានលើមន្ត្រីរបស់ខ្លួនលើបញ្ហាដីធ្លីតែប៉ុណ្ណោះទេ លោក គង់ សោភ័ណ្ឌ ថែមទាំងអំពាវនាវពលរដ្ឋទាំងអស់ដែលទន្រ្ទានកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាន់កាប់ដីកម្មសិទ្ធិឯកជន របស់អ្នកដទៃ សូមដកខ្លួនចេញពីបញ្ហានេះ ខណៈដែលមេខ្លោបំផុសបំផុលនោះ មានចេទនាទុច្ចរិតយកប្រជាជនជាឈ្នាន់ប៉ុណ្ណោះហើយ «សុំកុំចាញ់បោកគេ» លើការកាន់កាប់ដីចុសច្បាប់បែបនេះ។
តាមរយៈសេចក្តីជូនដំណឹងរបស់សាលាស្រុកលើកដែក ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល ទទួលបានថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកអភិបាលស្រុក ចាប ច័ន្ទវិទ្យា បានបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ ការិយាល័យ និងអង្គភាពពាក់ព័ន្ធត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិឬបញ្ជាក់លើគំនូស បង្ហាញទីតាំងដី នៅក្នុងតំបន់ដីព្រៃលិចទឹក និងតំបន់ដីអភិរក្សរបស់រដ្ឋ នឹងត្រូវនិរាករណ៍រាល់លិខិតបញ្ជាក់លើលិខិតទិញ-លក់ដីរបស់រដ្ឋ ការផ្ទេរសិទ្ធិ ឬបញ្ជាក់លើគំនូសបង្ហាញទីតាំងដី។
លោកបានព្រមានថា អ្នកដែលបានទន្ទ្រានកាន់កាប់ដីខុសច្បាប់កន្លងមក ត្រូវរុះរើ ខ្ទម តង់ និងសំណង់បណ្តោះអាសន្ន ហើយប្រគល់ដីមកជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ។ គណៈកម្មការអធិការកិច្ច ដីរដ្ឋថ្នាក់ស្រុក ត្រូវដឹកនាំមន្ត្រី ដោយសហការជាមួយការិយាល័យជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនិងតំបន់ព្រៃលិចទឹក និងតំបន់ដីអភិរក្ស ក្នុងស្រុកលើកដែកដល់មហាជន ជាពិសេសប្រជាជនមូលដ្ឋាន។
រដ្ឋបាលស្រុកលើកដែក សូមស្នើដល់ការិយាល័យ អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់និងបង្ក្រាបរាល់ សកម្មភាពល្មើសដូច បានរៀបរាប់ខាងលើ ដោយផ្អែកលើច្បាប់ជាធរមាន។ ក្នុងពេលអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចមិនទទួលខុសត្រូវ ចំពោះការខូតខាត ឬការបាត់បង់ និងករណីការប្រព្រឹត្តសកម្មភាព ខុសច្បាប់នោះឡើយ៕