(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ បំភ្លឺចំពោះការស្នើសុំអន្តរាគមន៍ទាមទារដីរបស់ ប្រជាពលរដ្ឋ៤នាក់ ដែលអះអាងថាតំណាងប្រជាពលរដ្ឋ ១២៨ គ្រួសារ រស់នៅភូមិស្រែប្រាំង និងភូមិបុស្សឆ្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ ថា លី ដា, ហ៊ាង សុខហាន, សុត នុន និងឈ្មោះ យេន នេន បានអះអាងថា ខ្លួនជាតំណាងប្រជាពលរដ្ឋ ១២៨គ្រួសារ រស់នៅភូមិស្រែប្រាំង និងភូមិបុស្សឆ្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានមកដាក់ពាក្យសុំអន្តរាគមន៍នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទាមទារ ដីព្រៃសហគមន៍ទំហំ ១២៣០ហិកតា ស្ថិតក្នុងភូមិស្រែប្រាំង និងភូមិបុស្សស្មារ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា ក្នុងឆ្នាំ ២០១១-២០១២ ប្រជាពលរដ្ឋចំនួន២១៣គ្រួសារ រស់នៅក្នុងភូមិស្រែប្រាំង និងប្រជាពលរដ្ឋចំនួន ៧៨ គ្រួសារ រស់នៅក្នុងភូមិបុស្សឆ្នោរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានព្រមព្រៀងលក់ដីក្នុងទីតាំងខាងលើទៅឱ្យក្រុមហ៊ុនហាមីនីវិនអ៊ុនវេសមេន ដែលមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។

ក្រសួងបានបន្តថា ក្នុងអំឡុងពេលអនុវត្តបទបញ្ជាលេខ០១បប រាជរដ្ឋាភិបាលបានសម្រេចចុះបញ្ជីចេញបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋរស់ នៅក្នុងភូមិស្រែប្រាំង និងភូមិបុស្សស្មេរចំនួន ៤៨៣ គ្រួសារ ស្មើនឹង ១.៥៥១ ក្បាលដី មានទំហំ ២ ៥៦៣ ហិកតា លើចំណែកដីដែលពួកគាត់មិនបានលក់ឱ្យក្រុមហ៊ុនហាមីនីវីនអ៊ុនវេសមេន រីឯក្រុមហ៊ុនហាមីនីវ័ន អ៊ុនវេសមេន ក៏ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យចុះបញ្ជីជាកម្មសិទ្ធិ ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ លេខ ២៥០១០៧០៧-១១៥៧, លេខ ២៥០១០៧០៧-១១៥៨, លេខ ២៥០១០៧០៧១១៥៩ និងលេខ ២៥០១០៧០៨-០៣៨៣ លើចំណែកដីដែលបានទិញពីប្រជាពលរដ្ឋនោះផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី៖