(ឥណ្ឌា)៖ យោងតាមព័ត៌មានស៉ិនហួរ ចេញផ្សាយបានឲ្យដឹងថា យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ផ្ទុកដោយមនុស្ស១៦០នាក់ បានបង្ខំចិត្តវិលត្រឡប់មកចុះចតវិញ នៅទីក្រុង New Delhi បន្ទាប់ពីបានហោះហើរ អស់រយៈពេលជិត៣០នាទី ឆ្ពោះទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី ដោយមានផ្សែងហុយឡើង នៅក្នុងបន្ទប់អ្នកបើកបរ។

«វាបានចុះចតដោយប្រុងប្រយ័ត្ន បន្ទាប់ពីសហសេវិកអ្នកបើកបរ បានប្រកាសថា មានផ្សែងហុយនៅក្នុងបន្ទប់អ្នកបើកបរ ជិតកន្លះម៉ោង បន្ទាប់ពីយន្តហោះ បានហោះឡើងចាកចេញពីអាកាសយាន្តដ្ឋាន ទីក្រុង New Delhi នារសៀលថ្ងៃអង្គារនេះ» នេះបើតាមសម្តីលោក G.P Rao អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air India បានឲ្យដឹងយ៉ាងដូច្នេះ។

លោកអ្នកនាំាពាក្យរូបនោះបានបន្តថា ក្រុមអ្នកធ្វើដំណើរទាំង១៦០នាក់ មានសុវត្ថិភាព ហើយត្រូវបានបញ្ជូនទៅកាន់ ជើងហោះហើរមួយផ្សេងទៀត។ ផ្សែងដែលហុយឡើង នៅក្នុងបន្ទប់អ្នកបើកបរ កំពុងត្រូវបានធ្វើការស៊ើបអង្កេត ដោយមន្ត្រីជំនាញ។

គួរជំរាបថា កាលពីខែមុនជើងហោះហើរមួយគ្រឿង របស់ឥណ្ឌាទៅកាន់ទីក្រុង London ចក្រភពអង់គ្លេស ជាមួយនឹងអ្នកធ្វើដំណើរ ជាង២០០នាក់ ត្រូវបានបង្ខំចិត្តវិលត្រឡប់មកចុះចត នៅទីក្រុង Mumbai វិញ បន្ទាប់ពីហោះហើរលើអាកាសបាន៣ម៉ោង ក្រោយពីឃើញសត្វកណ្តុរមួយ នៅក្នុងបន្ទប់អ្នកបើកបរ៕