(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានរិះគន់អង្គការ Comfrel ដែលបានបង្កើតលទ្ធផលស្ទង់មតិ ចំពោះការចាប់ខ្លួនលោក រុង ឈុន ដើម្បីបំបះបំបោរសតិអារម្មណ៍ពលរដ្ឋឲ្យប្រឆាំងការអនុវត្តច្បាប់ ដែលលទ្ធផលត្រូវបរាជ័យទៅវិញ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកនយោបាយរូបនេះបានសរសេរថា «ជាអង្គការសម្ព័ន្ធសង្គមស៊ីវិល ដែលបានជ្រើសរើសបេសកម្មរបស់ខ្លួនដើម្បីឃ្លាំមើលនឹងតាមដានត្រឹមតែការបោះឆ្នោតឲ្យមានសេរីនិងយុត្តិធម៌ ប៉ុណ្ណោះ តែ Comfrel បានដើរហួសពីបន្ទាត់បេសកម្មរបស់ខ្លួន ទៅធ្វើកាស្ទង់មតិតាម Page Comfrel របស់ខ្លួន ពីការចាប់ខ្លួនបុគ្គល រ៉ុង ឈុន ហើយក៏បានទទួលលទ្ធផលយ៉ាងអាម៉ាស់ដែរ ចំពោះការតាំងសំណួរឲ្យសាធារណៈឆ្លើយថា ត្រូវច្បាប់ឬអត់ ដែលចាប់ខ្លួនបុគ្គល រ៉ុង ឈុន ?»។
លោកបានពន្យល់ថា «ការចាប់ខ្លួន រ៉ុង ឈុន វាមិនមែនជារឿងបោះឆ្នោត សេរី ឬយុត្តិធម៌ ដែរឬអត់ដែល Comfrel ត្រូវឃ្លាំមើល ឬត្រូវធ្វើការស្ទង់មតិនោះទេ ! តែវាជារឿងអនុវត្តច្បាប់សុទ្ធសាធ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចពង្រឹងនីតិរដ្ឋ និងលុបបំបាត់នូវវប្បធម៌រួចទោសនៅក្នុងប្រទេស »។
តែចរឹតស្ទាបស្ទង់មតិរបស់ Comfrel ដែលបោះសំណួរជាសាធារណៈ ដោយផ្តោតយកចម្លើយតែ ២ មកឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគឺ ត្រូវច្បាប់ ឬមិនត្រូវច្បាប់នោះ គឺមិនត្រឹមតែកំពុងដើរហួសបន្ទាត់បេសកកម្មអង្គការបស់ខ្លួន ដែលបានដាក់តម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃនោះទេ តែវាគឺជាចរិតប្រឆាំងការអនុវត្តន៍ច្បាប់របស់រដ្ឋាភិបាល និងជាចេតនាបំបះបំបោរសតិអារម្មណ៍ពលរដ្ឋឲ្យងើបឡើងប្រឆាំងនឹងការចាប់ខ្លួនបុគ្គល រ៉ុង ឈុន ក្នុងគោលបំណងបម្រើនយោបាយទុច្ចរិតរបស់ខ្មោចគណបក្សសង្គ្រោះជាតិ ដែលមាន សម រង្ស៊ី កំពុងដេកចាំថ្នូរ។ នេះបេីតាមលោក សួន សេរីរដ្ឋា។
លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣១ ខែកក្កដា ហើយត្រូវបានចៅក្រមសម្រេចចោទប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងយកទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន។
ក្រោយមានការចាប់ខ្លួនលោក រ៉ុង ឈុន អង្គការ Comfrel បានរៀបចំការស្ទង់មតិមួយ មានរយ:ពេល១សប្តាហ៍ ដោយបានបិទបញ្ចប់ហើយនៅវេលាម៉ោង ១២៖៥៥នាទីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។
ការស្ទង់មតិនេះ ខុមហ្វ្រែល បានដាក់ឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបោះឆ្នោតដោយមានជម្រើសពីរ។ ជម្រើសទី១ «ការចាប់លោក រ៉ុង ឈុន រំលោភច្បាប់ និងសិទ្ធិ» និងជម្រើសទី២ «ការចាប់លោក រ៉ុង ឈុន មិនរំលោភច្បាប់ និងសិទ្ធិ»។
លទ្ធផលការស្ទង់មតិនេះ បានបង្ហាញនូវការគាំទ្រយ៉ាងច្រើនលើសលុបក្នុងការចាប់លោក រ៉ុង ឈុន។ អ្នកសម្តែងមតិបានអះអាងថា ការចាប់លោក រ៉ុង ឈុន មិនមែនជារឿងរំលោភច្បាប់ និងសិទ្ធិមនុស្សនោះឡើយ ពោលគឺរឿងត្រឹមត្រូវតាមច្បាប់៕