(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ននេះលើពិភពលោក មានវ៉ាក់សាំងចំនួន២ប្រភេទត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ ដោយក្នុងនោះមួយប្រភេទជាវ៉ាក់សាំងរបស់ចិន និងមួយប្រភេទទៀតជាវ៉ាក់សាំងរបស់រុស្ស៊ី។

លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ ដោយមានសាធារណជនសាកសួរជាច្រើនអំពីវ៉ាក់សាំងការពារ COVID-19។ ក្រសួងសុខាភិបាល សូមជម្រាបថា៖ បើយោងតាម New York Time Coronavirus Vaccine Tracker គិតត្រឹមថ្ងៃទី២០ សីហានេះ៖

១៖ មានវ៉ាក់សាំង ២ ប្រភេទដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ គឺ CanSinoBio របស់ចិន និង វ៉ាក់សាំងរបស់ Gamaleya Research Institute នៃប្រទេសរុស្សី (ថ្វីត្បិត មិនទាន់បានធ្វើ phase 3 trial នៅឡើយ)។

២៖ មានវ៉ាក់សាំងកំពុង ធ្វើ phase 3 trial ចំនួន៨ កំពុងដំណើរការក្នុងពិភពលោក។

៣៖ ជាសរុបមានវ៉ាក់សាំងជាង ១៦៥ ប្រភេទកំពុងដំណើរការសាកល្បងទាំង Pre clinical និង Clinical phase ដែលក្នុងនោះមានវ៉ាក់សាំង៣២ ប្រភេទ កំពុងសាកល្បងលើមនុស្ស។

ទោះជាយ៉ាងនេះក្តី លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា សំខាន់ពេលនេះគឺការពារដោយវិធានការសាមញ្ញដែលក្រសួងសុខាភិបាលផ្សព្វផ្សាយ ជូនសាធារណជនជារៀងរាល់ថ្ងៃដូចជា ការសម្អាតដោយលាង និងសាប៊ូ ឬអាល់កុល ការប្រើប្រាស់ម៉ាស់ រក្សារគម្លាតសង្គម និងគម្លាតលាតបុគ្គល រក្សាអនាម័យទូទៅ រួមទាំងសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ចំអិនចំណីអាហារ។ បើមានបញ្ហាសុខភាពសូមទាក់ទងលេខ១១៥ ដើម្បីទទួលព័ត៌មានជាក់លាក់ អំពីស្ថានភាពជំងឺរបស់អស់លោក-លោកស្រី។

ឆ្លៀតនៅក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាក៏បានជូនពរជូនប្រជាពលរដ្ឋខ្មែរទាំងអស់ នៅថ្ងៃសម្រាកនេះ សូមប្រកបដោយសុខភាពល្អ និងសុវត្ថិភាព ចៀសផុតពីជំងឺ COVID-19 ផងដែរ៕