(ភ្នំពេញ)៖ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេសជប៉ុន បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការទាំងឡាយប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញការកោតសរសើរនេះតាមរយៈសាររបស់លោកផ្ញើជូនពលរដ្ឋកម្ពុជាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ។
កម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកផងដែរ បានរងការរាតត្បាតជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០នេះ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនូវផែនការចំនួន៣ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ គឺទប់ស្កាត់ឱ្យបានខ្ពស់ចំពោះការរីករាលដាលពីក្រៅ, ទប់ស្កាត់កុំឱ្យរីករាលដាលចូលសហគមន៍ និងព្យាបាលឱ្យជាសម្រាប់អ្នកកើតជំងឺកូវីដ១៩។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្ពុជាមបានរកឃើញអ្នកកើតជំងឺកូវីដ១៩ សរុប ២៧៣នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៥៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ១៤នាក់។ អត្រានៃការឆ្លងនេះ ត្រូវបានវាយតម្លៃថាជាស្ថានភាពល្អប្រសើរមួយសម្រាប់កម្ពុជា បើធៀបនឹងសន្ទុះនៃការរីករាលដាលដ៏ស្រួចស្រាវនៃជំងឺសាកលមួយនេះ។
ក្នុងសារផ្ញើជូនពលរដ្ឋកម្ពុជាមុនដំណើរអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ប្រមុខការទូតជប៉ុន ក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើស្ថានភាពជំងឺកូវីដ១៩នេះផងដែរ។ លោកបានលើកឡើងថា ជំងឺនេះជាបញ្ហាប្រឈមមួយរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្ននេះ។ ប្រមុខការទូតជប៉ុនរូបនេះ ក៏បានកោតសរសើរកម្ពុជា ដែលបានដាក់ចេញវិធានការបានល្អ និងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសបញ្ជាក់ដូច្នេះ «សហគមន៍អន្តរជាតិ កំពុងប្រឈមជាមួយការរីករាលដាលនៃជម្ងឺកូវីដ១៩នៅទូទាំងពិភពលោក។ ខ្ញុំសូមកោតសរសើរ ដល់ប្រទេសកម្ពុជាដែលកំពុងគ្រប់គ្រងបាននូវការឆ្លងរាលដាលនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកិច្ចសហការរបស់ប្រជាជន»។
តាមរយៈសារលិខិតដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានគូសរំលេចដែរថា ប្រទេសជប៉ុន បាននាំមុខក្នុងសហគមន៍អន្តរជាតិជួយដល់ប្រទេសដែលមានប្រព័ន្ធសុខាភិបាលមានកម្រិត ដើម្បីទប់ទល់នឹងកូវីដ១៩។ ចំពោះប្រទេសកម្ពុជា ប្រទេសជប៉ុនកំពុងចូលរួមចំណែកតាមរយៈការផ្តល់សម្ភារៈពេទ្យ (អាវពេទ្យសម្រាប់ការពារ និងស្រោមដៃជាដើម) នៅខែកុម្ភៈកន្លងមកនេះ និងការផ្តល់បរិក្ខារវេជ្ជសាស្រ្ត និងកែលម្អមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងទឹកប្រាក់ប្រមាណ ៤,២០០លានយ៉េន (ជិត ៤០លានដុល្លារ) ព្រមទាំងជំនួយបច្ចេកទេសតាម និងសម្ភារៈផ្សេងៗក្នុងទឹកប្រាក់ប្រមាណ ១ពាន់លានយ៉េន (ជាង ៩លានដុល្លារ) តាមរយៈអង្គការអន្តរជាតិផងដែរ។
ចំណែកនៅក្នុងវិស័យឯកជន ក្រុមហ៊ុនជប៉ុនកំពុងសហការក្នុងការផ្តល់កម្មវិធីអប់រំជា App និងកម្មវិធីសិក្សាតាមប្រព័ន្ធអ៉ីនធើណែត រួមទាំងអង្គការក្រៅរដ្ឋាភិបាលជប៉ុនក៏បានកំពុងផ្សព្វផ្សាយនូវវិធានការបង្ការការឆ្លងមេរោគ ក៏ដូចជាគាំទ្រដល់កុមារដែលមិនអាចចូលរៀន ដោយសារការបិទសាលារៀន។ ជាមួយគ្នានេះ ក៏មានវេជ្ជបណ្ឌិតជនជាតិជប៉ុនមួយចំនួន បានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដើម្បីបំពេញការងារការវះកាត់បន្ទាន់ និងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជាផងដែរ។
ចំណាត់ការលើវិធានការកូវីដ១៩ទាំងនេះ ក៏បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំផងដែរ។ ដើម្បីពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត ជប៉ុននឹងបន្តកិច្ចពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបើកឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនក្នុងវិស័យធុរកិច្ចតាមលក្ខណៈសមស្របនឹងការការពារការឆ្លងរាលដាលសារជាថ្មីនៃកូវីដ១៩។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានបង្ហាញនូវបំណងជំរុញសាមគ្គីភាពឆ្ពោះទៅរកការស្តារសេដ្ឋកិច្ច និងការអភិវឌ្ឍក្រោយពេលដែលការ រីករាលដាលកូវីដ១៩នេះត្រូវបានបញ្ចប់ផងដែរ។
សូមបញ្ជាក់ថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅប្រទេសកម្ពុជាក្នុងតំណែងជារដ្ឋមន្ត្រីការបរទេសជប៉ុន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។ ក្នុងដំណើរបំពេញទស្សនកិច្ចនេះប្រមុខការទូតជប៉ុនរូបនេះ នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២២ ខែសីហា។
នៅរសៀលថ្ងៃដដែលលោករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះនឹងមានការជជែកគ្នាលើបញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួម។
ជាការកត់សម្គាល់ក្រោមក្រោមទំនាក់ទំនងដ៏រស់រវើករវាងកម្ពុជា និងប្រទេសជាមិត្តនោះ ក្នុងមួយឆ្នាំៗកម្ពុជាទទួលថ្នាក់ដឹកនាំប្រទេសជាមិត្តមិនតិចនោះឡើយ។ តែសម្រាប់ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ មកដល់ខែសីហា នេះមិនទាន់មានថ្នាក់ដឹកនាំប្រទេសជាមិត្តណាបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅឡើយនោះទេ។
លោក ម៉ូតេហ្គី តូស៊ីមីត្សឹ អាចរាប់ថា ជាមន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០២០ ពេលកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩៕