(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ រយៈពេល៥ថ្ងៃមកនេះ ពោលពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ មានបទល្មើសកើតឡើងចំនួន៥៨លើក ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥៤នាក់ផងដែរ។
បទល្មើសនេះបានកើនឡើងត្រឹម២ភាគរយប៉ុណ្ណោះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដោយក្នុងនោះមានអ្នកស្លាប់៦នាក់ រងគ្រោះ៥នាក់ និងរបួស២៤នាក់ ព្រមទាំងខូចខាតសម្ភារៈប្រាក់កាក់មួយចំនួន។ នេះបើតាមលោកឧត្តមសេនីយ៍ ឆាយ គឹមខឿន។
លោកឧត្តមសេនីយ៍ឯក បញ្ជាក់បន្ថែមថា ក្នុងចំណោមបទល្មើសទាំងនោះ មានបទល្មើសឧក្រិដ្ឋចំនួន៩ករណី (ឃាតកម្ម៦លើក រំលោភ៣លើក) ចាប់ខ្លួនមនុស្ស៤នាក់ និងបទល្មើសមជ្ឈឹម ៤៩ករណី ចាប់ខ្លួនមនុស្ស៥០នាក់។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការប៉ះប៉ូវសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីខែមេសាកន្លងទៅនេះ ដោយសារតែមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងអំឡុងពេលនោះ។
ទោះជាយ៉ាងនេះក្តី ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនេះ សមត្ថកិច្ចត្រូវបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាព ដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ៕