(ភ្នំពេញ)៖ អំឡុងឈប់សម្រាកសងបុណ្យចូលឆ្នាំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ នៅកម្ពុជាមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥១លើក បណ្តាលឱ្យមានមនុស្សស្លាប់២១នាក់ និងរបួស៧០នាក់។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសគ្រោះថ្នាក់ចរាចរណ៍នេះ បានកើនឡើងចំនួន១០លើក ស្មើនឹង២៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកស្លាប់បានថយចុះ១នាក់ ដែលស្មើនឹង៥ភាគរយ ខណៈអ្នករបួសកើនឡើង២០នាក់ ស្មើនឹង៤០ភាគរយផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតនៅរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ ដែលរាជធានីភ្នំពេញកើតឡើងចំនួន១២លើក និងខេត្តពោធិ៍សាត់កើតឡើងចំនួន៧លើក ហើយច្រើននៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នេះ បង្កឡើងដោយការមិនគោរពសិទ្ធិអាទិភាព ៣១ភាគរយ កត្តាល្បឿន២៤ភាគរយ មិនប្រកាន់ស្តាំ១៦ភាគរយ បត់មិនប្រយ័ត្ន១០ភាគរយ កត្តាយានយន្ត១០ភាគរយ វ៉ាជែង៦ភាគ និងកត្តាស្រវែង៤ភាគរយជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមទៀតរបស់ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីជាការប៉ះប៉ូវសងចំពោះការមិនអនុញ្ញាតឱ្យឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីខែមេសាកន្លងទៅនេះ ដោយសារតែមានការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងអំឡុងពេលនោះ។ ទោះជាយ៉ាងនេះក្តី ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃនេះ សមត្ថកិច្ច ត្រូវបានដាក់ពង្រាយកម្លាំងនៅតាមគោលដៅនានា ដើម្បីការពារសុវត្ថិភាព ដល់ការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ បទល្មើសព្រហ្មទណ្ឌ ក្នុងឱកាសឈប់សម្រាកសងបុណ្យចូលឆ្នាំ៥ថ្ងៃមកនេះ បានកើតឡើងចំនួន៥៨លើក ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៥៤នាក់ផងដែរ។ ក្នុងចំណោមបទល្មើសទាំងនោះ មានបទល្មើសឧក្រិដ្ឋចំនួន៩ករណី (ឃាតកម្ម៦លើក រំលោភ៣លើក) ចាប់ខ្លួនមនុស្ស៤នាក់ និងបទល្មើសមជ្ឈឹម ៤៩ករណី ចាប់ខ្លួនមនុស្ស៥០នាក់៕