(កំពង់ធំ)៖ ជារឿយៗស្ទើរតែរៀងរាល់ថ្ងៃ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ តែងតែឆ្លៀតពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យឃើញពីស្ថានភាពរស់នៅ ក៏ដូចជាដឹងពីតម្រូវការ និងសំណូមពរបន្ថែមរបស់ប្រជាពលរដ្ឋ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពកក់ក្ដៅ និងសប្បាយរីករាយក្រៃលែង។

ទន្ទឹមនឹងសកម្មភាពចុះតាមភូមិដ្ឋានប្រជាពលរដ្ឋនេះ លោកអភិបាលស្រុកតែងនាំយកអំណោយកំដរដៃបន្តិចបន្ដួចចែកជូនប្រជាពលរដ្ឋពុំដែលសូវខានឡើយ ហើយប្រសិនបើមានប្រជាពលរដ្ឋរងគ្រោះ ឬមានជីវភាពក្រលំបាក លោកតែងលៃលកជួយទំនុកបម្រុងយ៉ាងសស្រាក់សស្រាំ មិនថាជនពិការ ជនចាស់ជរា កុមារកំព្រា ឬគ្រួសារដែលមានសមាជិកទទួលមរណភាព ក៏តែងទទួលបានការឧបត្ថម្ភតិច-ច្រើនអំពីលោកផងដែរ។

ដោយឃើញនូវសកម្មភាពរបស់លោកអភិបាលស្រុក ហាក់ ម៉ុងហួត កាន់តែមានភាពសកម្មភាពខ្លាំងឡើងៗ ក៏មានសប្បុរសជនក្នុងស្រុក-ក្រៅស្រុកជាបន្តបន្ទាប់ បានចូលរួមឧបត្ថម្ភជាសម្ភារប្រើប្រាស់ និងថវិកាជូនប្រជាពលរដ្ឋរងគ្រោះ តាមរយៈលោកអភិបាលស្រុកដ៏គួរឱ្យគោរពស្រលាញ់រូបនេះ។

ម្យ៉ាងទៀត ភាគច្រើននៃសកម្មភាពចុះជួបប្រជាពលរដ្ឋរបស់លោក ហាក់ ម៉ុងហួត ក៏មានទាំងលោកអធិការនគរបាលស្រុក និងមន្ត្រីនគរបាល មេបញ្ជាការ និងមន្ត្រីកងរាជអាវុធហត្ថ ក្រុមការងារយុវជន ក្រុមការងារចុះជួយមូលដ្ឋាននានា ព្រមទាំងព្រះសង្ឃ ព្រះគ្រូចៅធិការវត្ត ពិសេសគឺព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណ:ថ្នាក់ កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះខេត្តានុរ័ក្ខព្រះអនុគណស្រុកតាំងគោក និមន្តចូលរួមជារឿយៗផងដែរ។

អ្នកស្រុកតាំងគោកតែងសង្កេតឃើញថា ទោះបីរវល់នឹងការងាររដ្ឋបាល ឬការងារនានាផ្សេងទៀតយ៉ាងណាក៏ដោយ ឱ្យតែដឹងថាក្នុងមូលដ្ឋានរបស់ខ្លួនមានពលរដ្ឋរងគ្រោះ លោក ហាក់ ម៉ុងហួត តែងដឹកនាំក្រុមការងារចុះទៅដល់ខ្នងផ្ទះតែម្ដង ដោយមិនគិតពីកាលវេលាថ្ងៃ ឬយប់ព្រលប់យ៉ាងណានោះឡើយ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ លោកអភិបាលស្រុករូបនេះបានរួមដំណើរជាមួយព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះគ្រូចៅអធិការវត្តគុហនគរ ព្រមទាំងសងការី និមន្ត-ចុះសួរសុខទុក្ខ និងចែកអំណោយដល់លោកយាយ-លោកតា ដែលជាជនចាស់ជរាទីទ័លក្រចំនួន ៣៨គ្រួសារ នៅឃុំពង្រ ស្រុកតាំងគោក។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ព្រះមុនីសីលវង្ស តុន ពិសី និងសប្បុរសជនមួយចំនួនទៀត ដែលក្នុងម្នាក់ទទួលបានអង្ករ ២០ គីឡូក្រាម មី ១ កេស ទឹកស៉ីអ៉ីវ ១ យួរ ទឹកត្រី ១ យួរ ក្រៅពីនោះមានកំសៀវ ខ្ទះ ចាន ឆ្នាំង ស្លាបព្រា ចាកស្រាក់ បំពង់ទឹកក្ដៅ ភួយ ម៉ុង កន្ទេល ខ្នើយ ចាកដែក ប្រេងកូឡា ទឹកអាល់កុល និងថវិកាចំនួន ៥៥ ម៉ឺនរៀលទៀតផងដែរ។

ជាមួយនឹងការថ្លែងអំណរគុណ និងអរព្រះគុណ ប្រពលរដ្ឋបានសម្ដែងនូវទឹកចិត្តគោរពស្រលាញ់ចំពោះលោកអភិបាលស្រុក និងព្រះគ្រូចៅអធិការវត្តគុហនគរ ព្រមទាំងសហការី។

កាលពីពេលថ្មីៗនេះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត រួមដំណើរជាមួយព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក បាននិមន្ត-ចុះសួរសុខទុក្ខ និងនាំយកថវិកាជូនលោក ឈា ឆាំ អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិច្រនាង ឃុំច្រនាង ស្រុកតាំងគោក ដែលលោកតាបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យពិការជើងទាំងពីរ និងស្លាប់ទាំងប្រពន្ធរបស់ខ្លួនទៅទៀត។

ទាំងនេះជាសកម្មភាពខ្លះៗក្នុងចំណោមសកម្មភាពជាច្រើនទៀតរបស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកដែលប្រជាពលរដ្ឋគ្រប់គ្នាត្រូវការ។ លោក ហាក់ ម៉ុងហួត នៅតែបង្ហាញការប្ដេជ្ញាថាក្នុងតួនាទីជាអភិបាលស្រុក ជាមន្ត្រីរាជការមូលដ្ឋាន លោកតែងគោរពតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គោរពតាមបទបញ្ជាថ្នាក់លើ ពិសេសលោកនៅតែខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្តតទៅមុខទៀត៕