(កណ្ដាល)៖ ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ប្រាប់ទៅលោកមេប៉ុស្តិ៍ទាំងអស់នៅស្រុកកណ្ដាលស្ទឹង និងលោកអធិការ ត្រូវធ្វើការឱ្យបានម៉ត់ចត់ល្អលើទំនួលខុសត្រូវតាមជំនាញ ភារកិច្ចរបស់ខ្លួន ដោយកុំប្រចាំគ្នា រួមគ្នាគិត រួមគ្នាធ្វើ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ សំដៅរួមលើក្ដីសុខរបស់ប្រជាពលរដ្ឋ និងសហការជាមួយអ្នកសារព័ត៌មានឱ្យបានល្អ ហើយពិសេសមេប៉ុស្តិ៍ទាំង១៨ នៃស្រុកកណ្ដាលស្ទឹង ត្រូវខិតខំធ្វើការឱ្យបានល្អប្រារ ចៀសវាងពលរដ្ឋមានការអាក់អន់ស្រពន់ចិត្ត។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីផ្សព្វផ្សាយប្រកាសលេខ៣៣៥៦ប្រ.ក ស្ដីពីការផ្ទេរភារកិច្ចតែងតាំងមុខដំណែងថ្នាក់អធិការ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត ស្នើរដល់នគរបាលមូលដ្ឋានទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូរមិនអាចខ្វះបាន កុំទុកសារ័ត៌មានជាសត្រូវ ខណៈត្រូវសហការជាមួយសារព័ត៌មាន នូវកិច្ចការពិតមួយចំនួន ដែលអ្នកសារព័ត៌មានបឆនផ្ដល់ជូន ហើយចុះទៅសិក្សាស្រាវជ្រាវរកការពិត និងដោះស្រាយជូនពលរដ្ឋ ឱ្យបានទាន់សភាពការណ៍ និងកុំខឹងអ្នកសារព័ត៌មាន នូវការចុះផ្សាយពីករណីខ្វះចន្លោះរបស់ខ្លួន តែត្រូវទទួលយកការពិត ហើយចុះដៃធ្វើឱ្យបានល្អ សំដៅលើការងារឱ្យមានប្រសិទ្ធភាពជូនសមង្គមជាតិ។

លោកបន្ថែមទៀតថា ត្រូវមានសាមគ្គីភាពផ្ទៃក្នុង រួមគ្នាសហការគ្នាល្អលើការបំរើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត ហើយយកចិត្តទុកដាក់លើការចេញសៀវភៅគ្រួសារជាដើម ឱ្យបានម៉ត់ចត់ ដោយហាមដាច់ខាតធ្វើឱ្យជនបរទេស ដែលនេះជាទំនួលខុសត្រូវខ្ពស់មិនត្រូវធ្វេសប្រហែសជាដាច់ខាត ព្រោះនេះពាក់ព័ន្ធនឹងផ្លូវច្បាប់។

លោកស្នងការក្រើនរំលឹកថា ពលរដ្ឋមកសុំការអន្តរាគមន៍ គឺត្រូវតែមានវត្តមាននគរបាលប្រចាំការ និងត្រូវទទួលពួកគាត់២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងការឆ្លើយតបដោយវិជ្ជាជីវៈ មិនត្រូវធ្វើឱ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តឡើយ។ ពិសេសត្រូវឆ្លើយតបផងដែរ ចំពោះពលរដ្ឋផ្ញើរសារមកកាន់ page ស្នងការដ្ឋានដើម្បីឆ្លើយតបភ្លាមៗពលរដ្ឋ ពិសេសគឺពេលទទួលបានសារពីពលរដ្ឋនៅតាមមូលដ្ឋានណា មូលដ្ឋាននោះត្រូវចាត់កម្លាំងចុះទៅស្រាវជ្រាវភ្លាមៗទាន់ពេល ដើម្បីដោះស្រាយទាន់សភាពការណ៍៕