(បន្ទាយមានជ័យ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជន គឺជាចំណែកមួយ ដែលមិនអាចខ្វះបាន ជាអ្នកបន្តវេន សម្រាប់ដឹកនាំប្រទេសជាតិ យុវជនតែងតែចូលរួមគ្រប់សកម្មភាពដោយមិនខ្លាចនឿយហត់ ចូលរួមគ្រប់កិច្ចការងារសង្គម ដែលសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា យុវជន គឺជាក្បាលម៉ាស៊ីនមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។

ការលើកឡើងនេះ ក្នុងឱកាសដែលលោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ) អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែសីហា ឆ្នាំ២០២០ និងប្រកាសទទួលស្គាល់លោក កែ សួនសុភាព ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ជាកត្តិយសពីសំណាក់ លោកស្រីឧកញ៉ា ហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ប្រធានកត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជាទាំង៣ខេត្ត ថ្នាក់នាំខេត្ត សមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

ទន្ទឹមនឹងនោះ លោក ស សុខា ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានលះបង់ ពេលវេលាចូលរួមយ៉ាងសកម្មជាមួយសកម្មភាពសង្គម ការងារមនុស្សធម៌ដោយមិនខ្លាចនឿយហត់ ពិសេសបានចូលរួមផ្សព្វផ្សាយ ពីវិធានការការពារ ពីការចម្លងមេរោគ កូវីដ-១៩ ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន បានយល់ជ្រាប់ពីវិធានការអនាម័យ និងបានអនុវត្តបានយ៉ាងល្អប្រសើរ ចៀសផុតពីជំងឺដ៏កាចសាហាវនេះ។

លោកក៏បានលើកឡើងថា ក្នុងនាមមហាគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបន្តសកម្មភាពទាំងនេះបន្តទៀត ត្រូវមានការសហការសាមគ្គីគ្នាជាថ្លុកមួយ ដើម្បីបំរើផលប្រយោជន៍ជូនដល់ប្រជាជន មិនត្រូវមានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវជួយគ្រប់ពេល គ្រប់កាលៈ នៅពេលពលរដ្ឋជួបទុក្ខលំបាក។

ជាមួយគ្នានោះដែរ លោក ស សុខា ក៏បានក្រើនរំលឹកដល់ប្អូនៗជាយុវជន សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្របន្ថែម ថ្វិតត្បិតតែយើង មិនទាន់បើកសាលារៀន ឲ្យដំណើរការក៏ពិតមែន ប្អូនៗក្មួយៗ អាចសិក្សាតាមប្រព័ន្ធអេឡិចត្រនិច សិក្សារៀនសូត្រពីចម្ងាយបាន កុំយកពេលវេលាដែលទំនេរទៅប្រព្រឹត្តនូវអំពើ ដែលសង្គម ស្អប់ខ្ពើម ធ្វើឲ្យបានបង់នូវធនធានមនុស្ស ដែលសង្គមត្រូវការធនធានអ្នកចេះដឹង ដើម្បីចូលរួមដឹកនាំ អភិវឌ្ឍន៍ជាតិមាតុភូមិយើង៕