(ក្រចេះ)៖ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃតែងតែគិតគូរខ្ពស់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនទុកឲ្យគ្រួសារពលរដ្ឋក្រីក្រណាមួយ នៅឯកការឡើយ ពិសេសជនងាយរងគ្រោះដោយសារជំងឺរាតត្បាតផ្សេងៗ ពិសេសជំងឺ Covid-19 ដែលរាលដាលពេញពិភពលោកនេះ។

ក្នុងឱកាសចុះជួបសំណេះសំណាល និងនាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ជិត២០០នាក់ នៅលើកំពូលភ្នំវត្តសំបុក ឃុំថ្មគ្រែ ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរសមត្ថកិច្ចនៅទូទាំងខេត្ត ដោយសម្តេចទាំងទ្វេរ តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេសជាធំ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវ វិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ជាពិសេសការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋ ក្រ១ និងក្រ២ អំឡុងពេលដែលជំងឺ Covid-19 បាននិងកំពុងរាត្បាតនៅលើពិភពលោក ដោយមានអ្នកឆ្លងជាង២៤លាននាក់ និងស្លាប់ជិត១លាននាក់។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែចុះតាមដានដល់មូលដ្ឋានផ្ទាល់ជួយសង្គ្រោះបន្ទាន់ ចំពោះពលរដ្ឋដែលទីទ័លក្រ ដើម្បីផ្ដល់ជំនួយរបស់រាជរដ្ឋាភិបាល ក៏ដូចជំនួយសប្បុរសធម៌ ជូនដល់ពួកគាត់ភ្លាមៗ តែម្ដង។

អំណោយដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយកមកចែកជូនប្រជាពលរដ្ឋទីទ័លក្រ និងជនពិការ យាយជី តាជី ជិត២០០គ្រួសារ នៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន ថវិកា៤ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត៕