(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូសរុបចំនួន១១កិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ (Video Conference)។

កិច្ចប្រជុំបានធ្វើឡើងចាប់ពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២០។ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី១៩៖

កិច្ចពិគ្រោះយោបល់នេះ បានអនុម័តលើជំហានបន្ទាប់ ដើម្បីអនុវត្តឱ្យបានពេញលេញនូវការងារដែលនៅសេសសល់ក្នុងកម្មវិធីការងារនាពេលអនាគត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)។ កិច្ចពិគ្រោះយោបល់នេះ បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយសារផលប៉ះពាល់នៃកូវីដ-១៩ ដោយបន្តរក្សាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និង
ពិភពលោក កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការឆ្លងកូវីដ និងកសាងតំបន់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។

២៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក៖

កិច្ចពិគ្រោះយោបល់នេះ បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការរៀបចំក្របខណ្ឌពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (TIFA) និងផែនការការងារ E3 និងជំរុញការអនុវត្តគម្រោងសកម្មភាពនៅក្រោមក្របខណ្ឌ TIFA ២០២០-២០២១ ដែលផ្តោតលើពាណិជ្ជកម្មឌីជីថល តម្លាភាព និងការអនុវត្តបទប្បញ្ញត្តិ កិច្ចសន្ទនាពាណិជ្ជកម្មនិងបរិស្ថាន ច្រកចេញចូលតែមួយអាស៊ាន ការសម្របសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍ MSME ជាដើម។

ក្នុងកិច្ចពិគ្រោះយោបល់នេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើអនុសាសន៍របស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីកូវីដ-១៩ តាមរយៈពាណិជ្ជកម្មឌីជីថល និងការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។

លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ការវិនិយោគរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ាន ដោយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញពាណិជ្ជកម្ម និងផលប្រយោជន៍រវាងភាគីទាំងពីរ។

៣៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ហុងកុង (ចិន) លើកទី៤៖

កិច្ចពិគ្រោះយោបល់បានឯកភាពលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ហុងកុង តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- ហុកកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន-ហុកកុង (AHKIA)។ រដ្ឋមន្ត្រីទាំងអស់រំពឹងថា ការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទាំងពីរនៅចុងឆ្នាំ២០២០ នឹងពង្រឹងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគរវាងភាគីទាំងពីរ។

៤៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន លើកទី២៦៖

កិច្ចពិគ្រោះយោបល់បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ក្នុងការឆ្លើយតបនឹងកូវីដ-១៩ ដែលផ្តោតលើគំនិតផ្តូចផ្តើមចំនួន៣ រួមមាន៖ (១) រក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន, (២) កាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ មកលើសេដ្ឋកិច្ច និង (៣) ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច។

កិច្ចពិគ្រោះយោបល់ក៏រំពឹងផងដែរថា ការអនុវត្តពេញលេញនៃពិធីសារទី១ ដែលធ្វើវិសោធនកម្មបញ្ចូលជំពូកពាណិជ្ជកម្មសេវាកម្ម និងវិនិយោគទៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ជប៉ុនកាន់តែទូលំទូលាយ។ ជាពិសេសសម្រាប់អ្នកផ្តល់សេវាកម្ម និងវិនិយោគិន ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់។

៥៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-រុស្ស៉ី លើកទី៩៖

កិច្ចពិគ្រោះយោបល់បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីចំនួនពីររួមមាន៖ (១) ការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៉ី ក្រោយឆ្នាំ២០១៧ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងបច្ចេកវិទ្យាឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធ និង (២) កម្មវិធីសហប្រតិបត្តិការអាស៊ាន-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៩-២០២០។ ដើម្បីស្វែងរកសក្តានុពលពាណិជ្ជកម្មវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ កិច្ចពិគ្រោះយោបល់បានសម្រេចពន្យារការអនុវត្តកម្មវិធីសហប្រតិបត្តិការអាស៊ាន-EEC ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់ឆ្នាំ២០២៥។

៦៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបីលើកទី២៣៖

កិច្ចពិគ្រោះយោបល់បានអនុម័តលើផែនការសកម្មភាពអាស៊ានបូកបី (ASEAN Plus Three Plan of Action) ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលនៃកូវីដ-១៩ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងអាស៊ាននិងបណ្តាប្រទេសបូកបី ដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្ននា ពេលអនាគតក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។

កិច្ចពិគ្រោះយោបល់ក៏បានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២០ ដើម្បីស្តារទំនុកចិត្តរបស់វិស័យធុរកិច្ចនិងសេដ្ឋកិច្ចតំបន់ឡើងវិញ។

៧៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា(EAS) លើកទី៨៖

កិច្ចប្រជុំបានស្វាគមន៍គំនិតផ្តួចផ្តើមថ្នាក់តំបន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ តាមរយៈការបង្កើតមូលនិធិឆ្លើយតបនឹងកូវីដ-១៩ របស់អាស៊ាន ក៏ដូចជាការងារឆ្ពោះទៅរកការបង្កើតការបម្រុងទុកបរិក្ខារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ាន និងនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ការឆ្លើយតបនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។ កិច្ចពិគ្រោះយោបល់ក៏បានបង្ហាញពីការគាំទ្រដល់ការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

៨៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី៩៖

កិច្ចពិគ្រោះយោបល់បានអនុម័តលើផែនការការងារសេចក្តីប្រកាសរួមស្តីពីពាណិជ្ជកម្មនិងវិនិយោគ (JDTI) ឆ្នាំ ២០២១-២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយ។

កិច្ចពិគ្រោះយោបល់ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្មអាស៊ាន-កាណាដាលើកទី៤ ដែលបានធ្វើឡើងនៅថ្ងៃទី ៨-១២ ខែមិថុនា ឆ្នាំ២០២០ ដោយផ្តោតលើវិស័យចំនួន៤ គឺលទ្ធកម្មរដ្ឋាភិបាល បរិស្ថាន ការងារ និងសហគ្រាសគ្រប់គ្រងដោយរដ្ឋ ( SOEs)។ កិច្ចពិគ្រោះយោបល់បានជំរុញភាគីទាំងពីរ ឱ្យបន្តពិភាក្សាពីជំហានបន្ទាប់ ដើម្បីពិនិត្យលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

៩៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៥៖

កិច្ចពិគ្រោះយោបល់បានអបអរសាទរចំពោះការអនុវត្តពេញលេញនៃកម្មវិធីកាត់បន្ថយពន្ធគយ និងវិធានជាក់លាក់នៃផលិតផលឆ្នាំ២០១៧ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ( AANZFTA)។ កិច្ចពិគ្រោះយោបល់ក៏បានជំរុញមន្ត្រីជំនាញពន្លឿនលើការធ្វើបច្ចុប្បន្នភាព AANZFTA ដើម្បីឈានទៅបញ្ចប់ការចរចាលើពិធីសារទី២ ធ្វើវិសោធនកម្ម AANZFTA។

១០៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី១៧៖

កិច្ចពិគ្រោះយោបល់បានឯកភាពបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចជាការថែទាំសុខភាព ការចាប់ផ្តើមអាជីវកម្មនិងបច្ចេកវិទ្យា ការតភ្ជាប់ ការផ្តល់សិទ្ធិដល់ស្ត្រីនិងយុវជន ក៏ដូចជាការអភិវឌ្ឍជំនាញ។

១១៖ កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លើកទី១៧៖

កិច្ចពិគ្រោះយោបល់បានឯកភាពលើការពង្រឹងសេរីភាវូបនីយកម្មផលិតផលទំនិញបន្ថែមទៀតនៅក្នុងបញ្ជីរសើប (ST) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កូរ៉េ ក្រោយពេល RCEP ត្រូវបានចុះហត្ថលេខា។

កិច្ចពិគ្រោះយោបល់ក៏បានស្វាគមន៍ចំពោះការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពក្រោមកម្មវិធីប្រឹក្សានិងដំណោះស្រាយបច្ចេកវិទ្យាពីប្រទេសកូរ៉េ (TASK) ក្នុងឆ្នាំ២០២០ ដោយបានជួយកែលម្អផលិតភាពក៏ដូចជាគុណភាពនិងស្តង់ដារនៃផលិតផល និងផ្តល់ឱកាសដល់ឧស្សាហកម្មក្នុងតំបន់អាចទទួលបានចំណេះដឹងពីបច្ចេកវិទ្យារបស់អ្នកជំនាញកូរ៉េ។

កិច្ចពិគ្រោះយោបល់ក៏បានគាំទ្រ និងកត់សម្គាល់ពីវឌ្ឍនភាពលើការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន-កូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវស្តង់ដារអាស៊ាន-កូរ៉េ ផងដែរ៕

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូ