(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះបានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ជាពិសេស តាមបណ្តាការិយាល័យអប់រំក្រុងស្រុក ទូទាំងខេត្ត ត្រូវចុះពិនិត្យវាយតម្លៃជាប្រចាំ និងខិតខំរៀបចំសាលារៀនប្រកបទៅដោយបរិស្ថានអប់រំ ឱ្យសាកសមជាមជ្ឈមណ្ឌល ជាថ្នាល ជាពុម្ព ជាជាងចម្លាក់ ដែលបណ្តុះមនុស្សថ្មី ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីសម្រេចគោលដៅអប់រំឱ្យក្លាយជាសាលារៀនគំរូពិតប្រាកដ។

លោក ម៉ៅ ធនិន បានស្នើបែបនេះនៅបរិវេណសាលាស្រុកបាកាន ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការស្រុកបាកាន និងប្រកាសតែងតាំងប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន ដោយបានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អាជ្ញាធរស្រុក ឃុំ ប្រធានការិយាល័យអប់រំតាមបណ្តាស្រុកក្រុង និងមន្ត្រីអប់រំ យុវជន និងកីឡាយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានឱ្យដឹងទៀតថា ការប្រកាសតែងតាំងប្រធានស្តីទីការិយាល័យអប់រំស្រុកបាកាននាពេលនេះ គឺដោយសារប្រធានចាស់មានកំហុសឆ្គង និងខ្វះ ចន្លោះក្នុងការដឹកនាំ ដែលនេះវាមិនមានអ្វីប្លែកនោះទេ ព្រោះកន្លងមករដ្ឋបាលខេត្តបានអនុវត្តរួចមកហើយក្នុងការតែងតាំង គឺមានតាំងពីថ្នាក់ដឹកនាំមន្ទីរ អភិបាលស្រុក ក្រុង និងការិយាល័យនានា ដើម្បីឱ្យយន្តការគ្រប់គ្រងដឹកនាំមានតម្លាភាព និងគុណភាព។

ជាការពិតណាស់ថា វិស័យអប់រំ យុវជន និងកីឡា ដែលមានលោកគ្រូ អ្នកគ្រូជាអ្នកអនុវត្តន៍ផ្ទាល់ គឺជាគ្រួសារគំរូ ជាឳពុកម្តាយទី២ ជាពុម្ព និងជាថ្នាលបណ្តុះ បណ្តាល មនុស្សថ្មីប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន, ទន្ទឹមនឹងនោះគ្រប់ទង្វើ និងសកម្មភាព របស់លោកគ្រូ អ្នកគ្រូ សុទ្ធតែជាការអប់រំ ដូច្នេះគប្បីយកចិត្តទុកដាក់ មានឆន្ទះក្នុងការបំពេញការងារ មានសាមគ្គីភាពផ្ទៃក្នុងល្អ និងមានការបណ្តុះនូវចរឹកជាតិនិយម។

លោកអភិបាលខេត្ត បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

កត្តាដែលផ្តោតការយកចិត្តទុកដាក់សំខាន់នោះសូមថ្នាក់ដឹកនាំជាន់ថ្នាក់ គប្បីអនុវត្តតួនាទីភារកិច្ចដែលរដ្ឋប្រគល់ជូនឱ្យអស់លទ្ធភាព ក្នុងនាមខ្លួនជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ ស្រលាញ់គ្នាដូចគ្រួសារតែមួយ មានមនសិការស្នោះត្រង់ និងយោគយល់ឱ្យគ្នា ទៅវិញទៅមក។ ទាំងអស់នេះគឺជាកិត្តិយស និងភាពថ្លៃថ្នូរបស់លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តទាំងមូល ដែលទទួលបានការសាទរ ពីសំណាក់មាតាបិតា អាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋជាក់ជាមិនខាន។

ឆ្លៀតក្នុងឱកាសនោះលោក ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ជាង៤០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១។ ដោយឡែកសម្រាប់ អ្នកគ្រូមានផ្ទៃពោះនិងត្រៀមឆ្លងទន្លេ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភនូវសារុង៣ និងថវិកាបន្ថែមមួយចំនួនជូនដល់គ្រួសារនិវត្តន៍ជនផងដែរ៕