(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ដើម្បីពិនិត្យវឌ្ឍនភាពកន្លងមក និងពិភាក្សាលើការងារមួយចំនួន។

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់សំណាងក្រសួង ស្ថាប័ន តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ យ៉ាងច្រើនផងដែរ។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែឧសភាកន្លង ស្តូបអនុស្សាវរីយ៍វិមាននយោបាយឈ្នះ ឈ្នះ ត្រូវបានបញ្ចុះបឋមសិលានៅក្នុងទឹកដីខេត្តកោះកុងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងភូមិសាស្ត្រភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់។

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោលមានឃឿន៤ជ្រុង សរុប៦៦ម៉ែត្រ កម្ពស់៤៣ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយក្នុងការចតរថយន្ត និងការទេសចរណ៍កំសាន្តរបស់ពលរដ្ឋ។
ការសាងសង់ស្តូបអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីរំឮកគុណដល់វិរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិតដើម្បីបូរណភាពទឹកដីការពារមាតុភូមិប្រទេសជាតិក្នុងយុគ្គសម័យភ្លើងសង្រ្គាម៕