(កំពង់ចាម)៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ បានកសាងអាគារមួយខ្នង និងដាក់សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា អគារអនុសាខាកាកបាទក្រហមនេះ ពិតជាមានសារៈសំខាន់ ណាស់សម្រាប់ក្រុមការងារ ក៏ដូចជាយុវជនស្ម័គ្រចិត្តកាកបាទក្រហមដើម្បីងាយស្រួលក្នុង ការទុកដាក់នូវសម្ភារដែលជាអំណោយត្រៀមទុកសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលជួបការខ្វះខាត ដោយប្រការណាមួយដូចជា ខ្យល់កន្រ្តាក់ គ្រោះទឹកជំនន់ ចាស់ជរា ក្មេងកំព្រា អ្នកផ្ទុក មេរោគអេដស៍ជាដើម។ ម្យ៉ាងទៀត ក៏ជាទីតាំងសម្រាប់ការជួបប្រជុំ ពិភ្សារការងារសំខាន់ៗ របស់ថ្នាក់ដឹក សមាជិកសមាជិកា កាកបាទក្រហមកម្ពុជា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមផងដែរ។

លោកឧកញ៉ា ឡួវ ហ៊ឹងក៏បាន បញ្ជាក់ដែរថា សព្វថ្ងៃនេះប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ យើងត្រូវរួគ្មនាថែរក្សាសុខសន្តិភាពឱ្យបានដាច់ខាត ដោយកុំចាញ់ឧបាយកលជនអគតិមួយចំនួន ដែលព្យាយាមបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

លោកឧកញ៉ា បានសង្ឃឹមយ៉ាងមុតមាំ ក៏ដូចជាជំរុញដល់សមាជិកសមាជិកាអនុសាខាកាកបាទក្រហមស្រុកស្រីសន្ធរ ទាំងអស់បន្តចូលរួមលើ ការងារនេះឱ្យកាន់តែខ្លាំងខ្លាទ្វេរឡើងបន្ថែមទៀត។

លោកឧកញ៉ា អែល សារ៉ុម អគ្គនាយក ក្រុមហ៊ុន ខេ អ៉ី ភី គ្រុប និងលោកឧកញ៉ា ប៊ុន រតនា អគ្គនាយ S-Auto ដែលជាសប្បុរសជន ចូលរួមក្នុងកម្មវិធីនេះដែរ បានលើកឡើងស្រដៀងគ្នាថា ដោយសារតែមានការជឿជាក់លើការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ទើបពួកលោកបានបរិច្ចាគថវិកាមួយចំនួនដែលបានពីផលចំណេញនៃការរកស៊ី ចូលរួមជាមួយកាកបាទក្រហម ដោយជឿជាក់ថាការចូលរួមនេះនឹងក្លាយជាចំណែកមួយជួយសម្រាលការលំបាករបស់ពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា កាកបាទក្រហម ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ស្ថាប័នមួយនេះ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលថាជាជំនួយការអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត៕