(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ ដែលបំពេញបេសកកម្មជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានប្រកាសប្តេជ្ញាចិត្ត ជំរុញទំនាក់ទំនង និងចំណងមិត្តភាពប្រទេសទាំងពីរកម្ពុជា-ជប៉ុន ឱ្យកាន់តែស៊ីជម្រៅបន្ថែម។

តាមរយៈទំព័រ Facebook ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានប្តេជ្ញាចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមណែនាំពាក្យជប៉ុនមួយឃ្លាថា “ピンチはチャンス“ ដែលមានន័យថា ”វិបត្តិគឺជាឱកាស”។ ទោះបីជា ស្ថិតក្រោមស្ថានភាពបែបនេះក៏ដោយ ខ្ញុំនឹងនៅតែគិតគូរថា តើខ្ញុំអាចធ្វើអ្វីបានខ្លះ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន និងបន្តព្យាយាមជំរុញបន្ថែមទៀតនូវមិត្តភាព នៃប្រទេសយើងទាំងពីរ កាន់តែស៊ីជម្រៅ ដោយសហការជាមួយលោក លោកស្រី»

ជាមួយគ្នានេះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបង្ហាញអារម្មណ៍សប្បាយរីករាយថា ពេលវេលាមួយឆ្នាំ គឺពិតជាដើរលឿនណាស់ បន្ទាប់ពីពេលដែលលោកបានមកដល់កម្ពុជា ក្នុងនាមជាឯកអគ្គរាជទូតជប៉ុន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំមុន។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា ដែលបានស្វាគមន៍ និងផ្ញើសារដ៏កក់ក្តៅជាច្រើនមកដល់លោក។

បន្ថែមពីនេះ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយប្រជាជនកម្ពុជា ក្រោយពេលបានមកដល់កម្ពុជា លោកក៏បានចាប់ផ្តើមរៀនភាសាខ្មែរ ដើម្បីបង្ហោះវីដេអូជាភាសាខ្មែរ ក្នុងទំព័រហេ្វសប៊ុកនៃស្ថានទូតជប៉ុនជារៀងរាល់សប្តាហ៍។ នេះគឺជាកិច្ចការមួយដ៏ពិបាកខ្លាំងសម្រាប់លោកដែលមិនធ្លាប់រៀនភាសាខ្មែរពីមុនមកសោះ។ ប៉ុន្តែដោយសារការអនុវត្ត និងបន្តហ្វឹកហាត់ជារៀងរាល់សប្តាហ៍ លោកចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយដោយបានស្វែងយល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀនភាសា។

អគ្គរាជទូតជប៉ុនរូបនេះ បានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ លោកក៏មានឱកាសបានចុះបំពេញកិច្ចការនៅខេត្តមួយចំនួននៅកម្ពុជាផងដែរ ហើយក្នុងនាមជាសហប្រធាន នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ លោកបានចុះទស្សនាបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ គឺប្រាសាទអង្គរ ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ និងប្រាសាទព្រះវិហារ ហើយលោកក៏បានទៅខេត្តព្រះសីហនុ និងទីក្រុងប៉ោយប៉ែត ដែលជាទីកន្លែងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ លោកចង់ធ្វើទស្សនកិច្ចខេត្តផ្សេងៗទៀត ដើម្បីយល់ដឹងពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជាកាន់តែច្បាស់។

តាំងពីដើមឆ្នាំនេះមក បញ្ហាជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅទូទាំងពិភពលោក ហើយធ្វើឱ្យជីវភាពរស់នៅរបស់យើងម្នាក់ៗបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ទោះបីជាកម្ពុជាស្ថិតនៅក្នុងស្ថានភាពឋិតឋេរ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនក៏ដោយ លោកដឹងថាប្រជាជនកម្ពុជា ក៏មានការព្រួយបារម្ភ និងជួបប្រទះការពិបាកជាច្រើនផងដែរ។ នៅពេលបច្ចុប្បន្ននេះ មានកម្មវិធីជាច្រើនបានផ្អាក និងពន្យារពេល ហើយការចេញចូលក្នុង និងក្រៅប្រទេសក៏មានការរឹតត្បិត។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានរំឮកថា កាលពីថ្ងៃទី២១ និង២២ ខែសីហា ថ្មីៗនេះ លោក ម៉ូតេហ្គី រដ្ឋមន្រ្តីការបរទេសជប៉ុន បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយបានឯកភាពគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស ថាប្រទេសយើងទាំងពីរ នឹងបើកឱ្យប្រជាជនយើងអាចធ្វើដំណើរទៅវិញទៅមកបានបន្តិចម្តង បន្តិចម្តង ដោយស្របជាមួយនឹងវិធានការផ្សេងៗទប់ទល់នឹងជំងឺកូវីដ-១៩៕