(កំពង់ឆ្នាំង)៖ ជម្លោះព្រោះតែរឿងបើកបរលើដងវិថីនៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បើទោះបីបុរសជាភាគីជិះរថយន្តត្រូវបានចាប់ខ្លួនហើយក្តី តែសំណុំរឿងមិនទាន់បញ្ចប់នៅឡើយនោះទេ។ កម្លាំងនគរបាលកំពុងបន្តនីតិវិធី ដោយតាមរកបុរសភាគីជិះម៉ូតូមកសួរនាំរឿងជម្លោះ ក៏ដូចជាការពិន័យលើរឿងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះថា បន្ទាប់ពីបានឃាត់ខ្លួន លោក ញឹក ផល ជាកូនប្រុសលោកឧកញ៉ា ញឹក ផន ជាគូជម្លោះក្នុងរឿងបើកបរនេះហើយនោះ បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់លោកកំពុងបន្តសំណុំរឿងតាមនីតិវិធី។

លោកស្នងការឱ្យដឹងទៀតថា ក្រៅតែពីកំពុងបន្តនីតិវិធីលើលោក ញឹក ផល ហើយនោះ កម្លាំងនគរបាលក៏កំពុងតាមរកលោក ប្រាក់ សុបាន អាយុ ៣០ឆ្នាំ ជាភាគីជិះម៉ូតូ និងជាអ្នកថតរូបគូជម្លោះរបស់ខ្លួនបង្ហោះមកសួរនាំលើដំណើររឿង។ បន្ថែមពីលើសួរនាំលើជម្លោះនេះហើយ ក៏អាចនឹងពិនិត្យលើការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ ប្រសិនបើខុសតាមច្បាប់ចែងពីការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងអាចនឹងឈានទៅពិន័យតាមច្បាប់ផងដែរ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានជម្លោះពាក្យសម្តីព្រោះតែការបើកបរមួយរវាងអ្នកជិះរថយន្ត និងអ្នកជិះម៉ូតូ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមរយៈវីដេអូថតដោយបុរសអ្នកជិះម៉ូតូ ហើយបង្ហោះ និងចែកចាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គមនោះ គេបានឃើញបុរសភាគីអ្នកជិះរថយន្ត បាននិយាយគំរាមឱ្យបុរសជិះម៉ូតូបើកបរឱ្យបានត្រឹមត្រូវ ហើយថែមទាំងបានគំរាមបុកអ្នកជិះម៉ូតូផងដែរ។ មិនត្រឹមតែគំរាមបុក និងប្រើសម្តីធ្ងន់ៗដាក់ទៅបុរសជិះម៉ូតូនោះទេ បុរសជាអ្នកជិះរថយន្តនេះថែមទាំងបានទាញយកកាំភ្លើង AK៤៧ ចេញពីក្នុងរថយន្តមកកាន់សម្ញែងដាក់ភាគីជម្លោះថែមទៀតផង។

បន្ទាប់ពីរឿងត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនោះ នៅយប់មិញនេះកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ក៏បានឈានទៅឃាត់ខ្លួនបុរសភាគីបើករថយន្តឈ្មោះ ញឹក ផល និងបានចោទប្រកាន់ពីបទគំរាមកំហែង និងកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

គេនៅមិនទាន់ដឹងថា ជម្លោះរវាងលោក ញឹក ផល អ្នកបើករថយន្ត និងលោក ប្រាក់ សុបាន អ្នកបើកបរម៉ូតូកាលពីម្សិលមិញនេះ ផ្តើមចេញពីបញ្ហាអ្វីនោះទេ។

លោក អ៉ិន សាវឿន មេប៉ុស្តិ៍នគរបាលឃុំក្បាលទឹក បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទជម្លោះនេះ គឺផ្តើមចេញពីការបើកបរ។ បើតាមលោកម៉េប៉ុស្តិ៍ នៅមុនពេលកើតហេតុលោក ប្រាក់ សុបាន ដែលត្រូវបានអះអាងថាបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនោះ បានបើកម៉ូតូជែងរថយន្ត ហើយក៏ត្រូវភាគីខាងរថយន្តសួរនាំរឿងបើកបរ បង្កើតជាជម្លោះពាក្យសម្តីតែម្តង។

លោកមេប៉ុស្តិ៍បានបញ្ជាក់យ៉ាងដូច្នេះ «បើតាមអ្នកបើកបរម៉ូតូគាត់បើកបរស្រវឹងមែន មកដល់កន្លែងផ្លូវកោងគាត់បើកវ៉ាឡាន។ បើកវ៉ាឡានមកគាត់ក៏ឈប់នោម គាត់វ៉ាឡានណុង របៀបវ៉ាឆាបឡានគេ។ អាអ្នកបើកឡានណុង គេទម្លាក់កញ្ចក់ទៅសួរថា បើម៉ូតូអ៊ីចឹងប៉ះពាល់លើគេលើឯង។ ប្រកែកគ្នាមួយមាត់ពីរតែម្តងទៅ»

បើតាមលោកមេប៉ុស្តិ៍ ក្រោយពីកើតរឿង និងថតបង្ហោះហើយនោះ លោក ប្រាក់ សុបាន ជាភាគីជិះម៉ូតូបានគេចខ្លួនពីផ្ទះឡើងមកភ្នំពេញបាត់ហើយ។

បើទោះបីលោក ប្រាក់ សុបាន គេចខ្លួនមិនទាន់ហៅទៅសួរនាំយ៉ាងណាក្តី តែនគរបាលក៏បានហៅបុរសដែលជិះម៉ូតូជាមួយលោក ប្រាក់ សុបាន មកសួរនាំផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង៕

លោក ប្រាក់ សុបាន បុរសជិះម៉ូតូ