(ភ្នំពេញ)៖ ក្នុងសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) តាមប្រព័ន្ធ Video Conference នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក លីម ចុកហូយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន បានលើកឡើងថា អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត។

សន្និសីទអន្តរជាតិនេះត្រូវបានរៀបចំដោយប្រទេសហ្វីលីពីន ក្រោមប្រធានបទ «អ្នកជំនាញទេសចរណ៍អាស៊ាន៖ សម្របខ្លួនជាមួយនឹងទម្លាប់ថ្មី» ដោយមានការចូលរួមពីមន្ត្រីជំនាញផ្នែកឯកជន ជាពិសេសស្ថាប័នអប់រំបណ្ដុះបណ្ដាលនៃប្រទេសសមាជិកអាស៊ានទាំង ១០ ប្រមាណ ១,០០០នាក់ និងមានការចូលរួមកម្មវិធីបើកដោយលោកស្រី Bernadette Romulo Puyat រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ហើយមន្ត្រីជំនាញក្រសួងទេសចរណ៍កម្ពុជា ក៏បានចូលរួមជាវាគ្មិននៃកិច្ចពិភាក្សាផងដែរ។

លោកអគ្គលេខាធិការ លីម ចុកហូយ បានប្រាប់ឲ្យដឹងថា អាស៊ានមានប្រព័ន្ធចុះបញ្ជីអ្នកជំនាញទេសចរណ៍សម្រាប់សម្រួលការបម្លាស់ការងារ ដែលអ្នកបម្រីការងារក្នុងវិស័យទេសចរណ៍អាស៊ានទាំងអស់អាចទទួលបាននូវប្រភពឯកសារ ដើម្បីធ្វើការបណ្ដុះបណ្ដាលជំនាញតាមប្រព័ន្ធអនឡាញ ជាកម្មវិធីបណ្ដុះបណ្ដាលជំនាញបន្ថែម (Upskilling) និងកម្មវិធីបណ្ដុះបណ្ដាលជំនាញថ្មី (Re-skilling) ដើម្បីពង្រឹងសមត្ថភាពក្នុងកំឡុងពេលកូវីដ-១៩នេះ។

លោកថា «អាស៊ានកំពុងពន្លឿនការអនុវត្តម្រោងថ្មីនៃការបណ្ដុះបណ្ដាលជំនាញទេសចរណ៍អាស៊ាន តាមប្រព័ន្ធអនឡាញឲ្យកាន់តែប្រសើរថែមទៀត»។
ដោយវិស័យទេសចរណ៍ គឺជាវិស័យសេដ្ឋកិច្ចចម្បងរបស់អាស៊ាន ដែលត្រូវបានរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ការស្ដារឡើងវិញនៃវិស័យនេះ គឺជាអាទិភាពគន្លឹះក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីធានាឲ្យបានថាវិស័យទេសចរណ៍នៅតែជាវិស័យដែលបង្កើតប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិ និងជាប្រភពចម្បងនៃការងារ។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានរំលឹកពីស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ កាលពីខែមិថុនាកន្លងទៅ ដោយប្រមុខដឹកនាំកំពូលបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដាក់ចុះ វិធានការឆ្លងដែនមួយចំនួន ដូចជា Travel Bubble ឬ Travel Corridors ដែលជាជំហានដំបូងនៃការសម្រួលការងើបឡើងវិញនៃតំបន់។

លោកបានអះអាងថា ក្នុងបរិបទបច្ចុប្បន្ន វិស័យទេសចរណ៍ត្រូវដើរតួនាទីកាន់តែបន្ទាន់ដែលមិនធ្លាប់មានពីមុនមក ក្នុងការនាំតំបន់ត្រឡប់មកដំណើរការជាប្រក្រតីឡើងវិញ យ៉ាងហោចណាស់តាមរយៈសម្រួលឲ្យមានការធ្វើដំណើរធុរកិច្ចចាំបាច់មួយចំនួន ព្រមទាំងស្ដារទំនុកចិត្តអ្នកធ្វើដំណើរឡើងវិញ។

សូមរំលឹកថា សន្និសីទស្ដីពីកិច្ចព្រមព្រៀងអ្នកជំនាញទេសចរណ៍អាស៊ាន (MRA) ត្រូវបានរៀបចំ២ឆ្នាំម្ដង ដែលលើកទី១ ឆ្នាំ២០១៦ នៅប្រទេសឥណ្ឌូនេស៊ី លើកទី២ ឆ្នាំ២០១៨ នៅកម្ពុជា។

ឆ្នាំ២០១៩ អាស៊ានទទួលបានទេសចរអន្តរជាតិជាង ១៣៣លាននាក់ ក្នុងកំណើន ៧% ក្នុងនោះទេសចរផ្ទៃក្នុងអាស៊ាន (ASEAN Intra-Traveler) មានប្រមាណ ៤០% បង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់ ស្មើនឹង ៩.៧% នៃការងារសរុប និងចូលរួមបង្កើតចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណ ១០% នៃ GDP ប៉ុន្តែតាមការប៉ាន់ស្មានជាបឋម ឆ្នាំ២០២០ អាចនឹងមានការធ្លាក់ចុះនៃទេសចរអន្តរជាតិប្រមាណពី ៧០-៨០%៕