(ក្រចេះ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះបំពេញទស្សនកិច្ចនៅតំបន់ព្រៃឡង់ ស្ថិតនៅក្នុងខេត្តក្រចេះ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន រួមនឹងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តអនុវត្តវិធានការពារ និងអភិរក្សតំបន់ការពារធម្មជាតិដែលខ្លួនគ្រប់គ្រងប្រកបដោយស្មារតីទទួលខុសត្រូវ និងចាត់វិធានការលើរាល់បទល្មើសធនធានធម្មជាតិដែលបានកើតឡើង។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា គ្រាន់តែនៅក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ ពោលគឺចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានចុះល្បាតចំនួន ១៣,៨០៤លើក និងបានបង្ក្រាបបទល្មើសបាន៣,៦៨៩ ហើយក្នុងនោះបញ្ជូនសំណុំរឿងទៅតុលាការបានចំនួន ៣២៩ករណី រឹបអូសរណាយន្តបានចំនួន ២,៥៧៨គ្រឿង ព្រមទាំងធ្វើការផាកពិន័យអន្តរកាលចំនួន ៤៣៣ករណី។

បើទោះបីការខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ ពីណាក់មន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរពាក់ព័ន្ធដូចភ្លៀវរលឹមយ៉ាងណាក៏ដោយ ក៏លោក នេត្រ ភក្ត្រា ក្នុងនាមក្រសួងបរិស្ថាន នៅតែទទួលស្គាល់ថា នៅតែមានបទល្មើសធនធានធម្មជាតិជាលក្ខណៈ ទ្រុងទ្រាយតូចៗ នៅតែបន្តកើតមានដែល ក៏ប៉ុន្តែ សមិត្ថកិច្ចក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធបន្តបង្ក្រាប និងទប់ស្កាត់បន្តទៀត ឱ្យកាន់តែមានចំនួនតិចទៅៗជាដើម។

ថ្លែងចេញពីតំបន់ព្រៃឡង់ដែលជាទីតាំងព្រៃឈើធំជាងរបស់កម្ពុជា និងទីជម្រករបស់សត្វព្រៃគ្រប់ប្រភេទនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា អាស្រ័យដោយសារតែមានកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិបានល្អប្រសើរ ប្រទេសកម្ពុជា បានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។

ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានបន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសដែលសម្បូរទៅដោយជីវៈចម្រុះ និងមានប្រភេទរុក្ខជាតិ សត្វ ជិតពូជ ឬមានដោយកម្រនៅក្នុងពិភពលោក។ សន្ទស្សន៍ជីវៈចម្រុះ (Biodiversity Index) ក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ៧.៥ (MacKinnon, ១៩៩៧) ទោះបីជាយ៉ាងណាក៏ដោយ ពិន្ទុអាចបានខ្ពស់ជាងនេះ អាស្រ័យទៅលើការសិក្សាស្រាវជ្រាវ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា ជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ១២៣ប្រភេទ សត្វស្លាប ៥៤៥ប្រភេទ ឧរង្គសត្វ ៨៨ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី៨៧៤ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់១៤ប្រភេទ ស្មៅសមុទ្រ ១០ប្រភេទ និងថលជលិក៦៣ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនិកសត្វ ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និងថលជលិក១២ប្រភេទ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្ថាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ៤១% នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងជាង ៧,២លានហិកតា។ រហូតមកទល់នឹងឆ្នាំ២០២០នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់ការពារ ធម្មជាតិ មានចំនួនប្រមាណ ១៧៤សហគមន៍៕