(កំពត)៖ លោក ប៉ិល កុសល អភិបាលរងខេត្តកំពត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដោយសហការជាមួយក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ចុះធ្វើការផ្សព្វផ្សាយ ស.ជ.ណ លេខ៤៣១/២០ របស់រដ្ឋបាលខេត្តកំពត ស្ដីពី «ការជំរុញទប់ស្កាត់ការកាប់រានទន្ទ្រានយកដី ដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ តំបន់អភិរក្ស តំបន់សហគមន៍ ដីគម្របព្រៃឈើ និងដីសម្បទានសេដ្ឋកិច្ច ក្នុងភូមិសាស្ត្រខេត្តកំពត» នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោក ប៉ិល កុសល បានណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលទៅកាប់រុករានទន្ទ្រានយកដីរដ្ឋ ដោយខុសច្បាប់ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះ ក្នុងបណ្តាតំបន់ហាមឃាត់ខាងលើ ពិសេសក្នុងតំបន់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន ដែលទទួលសិទ្ធិកាន់កាប់ពីដីកម្មសិទ្ធិ សាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវដកខ្លួនចេញជាបន្ទាន់ ជៀសវាងពាក់ព័ន្ធ ប្រឈមនឹងផ្លូវច្បាប់ជាពិសេសអ្នកញុះញង់ និងមេខ្យល់ដែលនៅពីក្រោយប្រជាពរដ្ឋទាំងអស់នោះ បើមិនដូច្នោះទេ អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ច នឹងត្រូវចាក់ការអនុវត្តតាមវិធីច្បាប់។

បន្ថែមពីនេះ លោកអភិបាលរងខេត្តកំពត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លី។

លោក ប៉ិល កុសល ជំរុញឲ្យរដ្ឋបាល ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ត្រូវពិនិត្យស្រាវជ្រាវរកមុខសញ្ញាមេខ្លោង ដែលញុះញង់ឲ្យប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់ ដីរដ្ឋ និងដីឯកជនរបស់រដ្ឋ ជាពិសេសនៅក្នុងតំបន់ក្រុមហ៊ុនលោកឧកញ៉ា សូ ងួន នាំយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕