(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមនុស្សមួយក្រុមដឹកនាំដោយលោក មាន ព្រហ្មមុនី លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ ធ្វើបាតុកម្មដោយអហិង្សានោះទេ ដែលពួកគេធ្វើនឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅទីលានប្រជាធិបតេយ្យ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញពីមូលហេតុដែលពុំអនុញ្ញាតឲ្យថា ក្រុមអ្នកគ្រោងធ្វើបាតុកម្មមិនអាចកំណត់សមាសភាព និងចំនួនអ្នកចូលរួមបានច្បាស់លាស់ ដែលការធ្វើបាតុកម្មនេះនឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។

រដ្ឋបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ក្នុងករណីលោក លោកស្រី មិនគោរតាមស្មារតីកិច្ចប្រជុំ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន៕