(ស្ទឹងត្រែង)៖ បន្ទាប់ពីបំពេញបេសកកម្មការងារបានចំនួន៤ខេត្តរួចមក ខេត្តស្ទឹងត្រែង គឺជាខេត្តគោលដៅចុងក្រោយ ដែលលោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសម្ពោធដាក់ឲ្យដំណើរការ ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី UF Membrane របស់អង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង។

ការដាក់ឲ្យដំណើរការនេះ គឺស្ថិតក្រោមគម្រោងសហប្រតិបត្តិការ ជាដៃគូជាមួយក្រុមហ៊ុន Hainan Litree Purification Technology Co.,Ltd និងក្រុមហ៊ុន Micro Science & Technology (Cambodia) Co.,Ltd ត្រូវបានប្រារព្ធធ្វើឡើង នាពេលថ្មីៗនេះនៅអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង ដោយមានការចូលរួមតំណាងអាជ្ញាធរដែនដី រួមជាមួយមន្ត្រីរាជការចំណុះអង្គភាព និងមន្ទីរជុំវិញខេត្ត គ្រូបង្រៀន និងប្រជាពលរដ្ឋជាច្រើនរូប។

តាមរបាយការណ៍ពីលោកបណ្ឌិត Cai Yunlong ប្រធានក្រុមហ៊ុន Micro Science & Technology (Cambodia) Co.,Ltd បានបញ្ជាក់ថា ដើម្បីលើកកំពស់ការផ្គត់ផ្គង់ទឹកស្អាត នៅក្រុងស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អគ្គនាយកដ្ឋានទឹកស្អាត និងដោយមានការគាំទ្រពីស្ថាប័នសំខាន់ៗ និងធនាគាររបស់ចិន មន្ត្រីអគ្គនាយកដ្ឋានទឹកស្អាត ហើយមានកិច្ចសហការរវាងក្រុមហ៊ុន Hainan Litree ក្រុមហ៊ុន Micro-Purification មន្ទីរឧស្សាហកម្ម និងអង្គភាពរដ្ឋាករទឹកខេត្តផងដែរនោះ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតមួយនេះត្រូវបាន សាងសង់ឡើង ប្រកបដោយជោគជ័យ។

លោកបណ្ឌិតបានឲ្យដឹងថា ប្រព័ន្ធផលិតទឹកបច្ចេកវិទ្យាថ្មី UF Membrane នៅស្ទឹងត្រែងនេះ ត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ ប្រព័ន្ធនេះបែងចែកជាបួនផ្នែក គឺប្រព័ន្ធបូមទឹកឆៅ៣ពាន់ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ប្រព័ន្ធប្រព្រឹត្តិកម្ម ដោយភ្នាសចម្រោះ UF ៣ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ប្រព័ន្ធចែកចាយទឹក៣ពាន់ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងការពង្រីកបណ្តាញមេនាំទឹកប្រវែង ៥០០០ម៉ែត្រ ហើយចំណាយទុនអស់៧៥ ម៉ឺនដុល្លារអាមេរិក។

នៅក្នុងគម្រោងផ្គត់ផ្គង់ទឹកស្អាតនេះ មានលក្ខណ:ពិសេស ចំនួន០៣ ទី១, គឺក្បូនបណ្តែតទឹកដែលប្រើធុង PE ទំនើបបំផុតមកធ្វើជាក្បូន វាមានភាពរឹងមាំ ដែលអាចទប់នឹងទំនាញផែនដីបានធន់នឹងកំលាំងខ្យល់ខ្លាំង អាចប្រើប្រាស់បានរយៈពេល៣០ឆ្នាំ។ ទី២, ប្រព័ន្ធនេះអាចសម្អាតទឹកឆៅដែលមានភាពល្អក់ចាប់ពីសូន្យ NTU ដល់រាប់ពាន់ NTU។ ទឹកចម្រោះរួចភាពល្អក់ទាបជាង០.២ NTU ហើយអាត្រាកំចាត់បាក់តេរី គឺ៩៩.៩៩៩% គឺទឹកសម្អាតដោយប្រព័ន្ធ UF នេះមានគុណភាពប្រសើរជាងទឹកពិសារ។ ទី៣, ក្នុងគម្រោងនេះ សុទ្ធតែប្រើបច្ចេកវិទ្យា មកពីប្រទេសចិនទាំងអស់គឺចាប់ផ្តើមពីការរចនាដល់ការសាងសង់ រហូតដល់ការ តម្លើង និងកែសម្រួលប្រព័ន្ធទឹកស្អាតម៉ូទ័របូមទឹក ដល់បណ្តាញមេនាំទឹកមានប្រវែង៥០០០ ម៉ែត្រ ដែលចំណាយពេល៤៥ ថ្ងៃសម្រាប់បញ្ចប់។ លោកបណ្ឌិត បានបន្ថែមថា ប្រព័ន្ធនេះអាចធ្វើឲ្យសម្ពាធទឹកនៅអង្គភាពពី០.១៨ Mpa ដល់០.៣៥ Mpa ដែលធានាបានថា ក្នុងក្រុងទឹកស្ទឹងត្រែងមានសម្ពាធទឹកគ្រប់គ្រាន់។ ប្រព័ន្ធនេះប្រើបច្ចេកវិទ្យាគ្រប់គ្រងដ៏ទំនើប ដោយអាចកែសម្រួលបរិមាណទឹក និងសម្ពាធទឹកដោយស្វ័យប្រវត្តិតាមបរិមាណ តាមតម្រូវការទឹកប្រើប្រាស់ និងសម្ពាធទឹក និងអាចគ្រប់គ្រងពីចម្ងាយ បានហើយអាចសន្សំសំចៃអគ្គិសនីចាប់ពី ៣០%ឡើង។

បន្ទាប់ពីលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង អញ្ជើញថ្លែងស្វាគមន៍ និងលើកឡើងពីស្ថានភាពទូទៅរបស់ខេត្តរួចមក លោក ទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ បានថ្លែង ដោយបានលើកឡើង ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានការគិតគូ ខ្ពស់ចំពោះបញ្ហាទឹកស្អាតនេះ ដោយគិតត្រឹមឆ្នាំ២០២៥ ទីប្រជុំជនទាំងអស់ និងមានទឹកស្អាតប្រើប្រាស់ ហើយរហូតទៅដល់២០៣០-២០៥០ បងប្អូនប្រជាពលរដ្ធនៅទូទាំងប្រទេស នឹងមានទឹកស្អាតប្រើប្រាស់១០០%។ ជាពិសេសសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគិតគូខ្ពស់ណាស់ចំពោះកំរិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ។ សម្តេចបានចេញ នូវគោលការណ៍យ៉ាងតិច០៤ យ៉ាងលើវិស័យទឹកស្អាត រួមមាន៖ ផលិតទឹកដែលមានគុណភាព-សុវត្ថិភាព-និរន្តរភាព និងតម្លៃសមរម្យ ក្នុងន័យដើម្បីឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា អាចជៀសផុតពីជំងឺឆ្លងនានា ដោយសារការប្រើប្រាស់ទឹកមិនស្អាត ហើយត្រូវចំណាយថវិកាមួយផ្នែក ឬជាច្រើនសម្រាប់ការព្យាបាលសុខភាពរបស់ខ្លួន។ ជាក់ស្តែង ប្រព័ន្ធប្រព្រឹត្តិកម្មទំនើប ដោយប្រព័ន្ធ UF Membrane នេះ គឺជាប្រព័ន្ធគម្រូមួយ ពីព្រោះវាប្រើប្រាស់រយៈពេលខ្លីក្នុងការតម្លើង ប្រើផ្ទៃក្រឡាដីតូច គុណភាពទឹកខ្ពស់ និងប្រើថាមពលអគ្គិសនីអស់តិច និងតម្លែថោកសមរម្យ បើប្រៀបធៀបនិងប្រព័ន្ធចម្រោះទឹកដទៃទៀត មានតម្លៃរហូតដល់រាប់លាន ដែលនេះជាការគិតគូរមួយដេីម្បីសម្រេចគោលដៅខាងលើ។

លោក ទេសរដ្ឋមន្រី្ត បានបន្ថែមថា ការវិនិយោគនេះ គឺជាការវិនិយោគ ដ៏មានសារ:សំខាន់របស់ខេត្តស្ទឹងត្រែង ដែលកន្លងមកសមត្ថភាពផលិត បានត្រឹម២ពាន់ម៉េត្រ ត្រីគុណ ក្នុងមួយថ្ងៃ ជាមួយ នឹងបណ្តាញចែកចាយចាស់ទ្រុឌទ្រោម បន្សល់ទុកតាំងពីជំនាន់បារាំងឆ្នាំ ១៩៥៣។ ឥឡូវយើងបានបន្ថែមទាំងសមត្ថភាពផលិត និងប្រព័ន្ធចែកចាយថ្មី ធ្វើឲ្យគុណភាពទឹកខេត្តស្ទឹងត្រែង លែងមានភាពល្អក់ ដោយការធ្លុះធ្លាយទុយោក្រោមដី ជំនួសដោយទឹកដែលមានគុណភាពអាចត្រងផឹកផ្ទាល់បានរ៉ូប៊ីនេ។ គម្រោងនេះ ជាគម្រោងទី២ បន្ទាប់ពីខេត្តស្វាយរៀង ហើយយើងនឹងពិនិត្យលទ្ធភាព នៅតំបន់ និងខេត្តដទៃៗទៀត។ លោក ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ក្រុមហ៊ុន សម្រាប់ការលក់ដំបន្តឲ្យទៅអង្គភាពរដ្ឋាករទឹកខេត្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនសហការក៏មានការជួយឧបត្ថម្ភផងដែរលើសម្ភារៈទឹកស្អាត មានដូចជា ម៉ូទ័រចែកចាយទឹកស្អាត០២ឈុត គឺម៉ូទ័រទឹកកខ្វក់ចំនួន ០១ឈុត និងប្រព័ន្ធគ្រប់គ្រងម៉ូទ័រចំនួន ០១ឈុត ដែលសរុបទាំងអស់ចំនួន ២ម៉ឺន ដុល្លារ ជូនទៅអង្គភាពរដ្ឋាករទឹកខេត្តស្ទឹងត្រែង និងការឧបត្ថម្ភម៉ាស៊ីនចម្រោះទឹកបច្ចេកវិទ្យាចុងក្រោយតម្លៃ២ពាន់ដុល្លារ ចំនួន០១គ្រឿង ជូនដល់សាលាខេត្តស្ទឹងត្រែង ។

សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តគោលដៅចុងក្រោយ នៃដំណើរដឹកនាំបំពេញបេសកកម្មរបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រួមមានទី១ខេត្តបាត់ដំបង ជួបសំណេះសំណាល និងណែនាំដល់មន្ត្រីមន្ទីរឧស្សាហកម្ម និងសម្ពោធរោងចក្រទឹកស្អាតភ្នំវាយចាបខេត្តបាត់ដំបង ជាអំណោយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Micro-Purification Shanghai ជូនចំពោះបញ្ជាការដ្ឋានទីលានបាញ់គ្រាប់ពិតមរតកតេជោភ្នំវាយចាប ដែលមានសមត្ថភាពផលិត៥ម៉ឺនលីត្រក្នុងមួយថ្ងៃ។ ទី២, ពិធីប្រកាសមុខតំណែងប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តប៉ៃលិន ជំនួសប្រធានមន្ទីរចាស់ខេត្តប៉ៃលិន ដែលចូលនិវត្តន៍។ ទី៣,ជំនួបពិភាក្សា ការងាររវាងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ជាមួយប្រតិបត្តិករទឹកស្អាតខេត្តបន្ទាយមានជ័យ។ ទី៤,ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋាករទឹកស្វយ័តខេត្តសៀមរាប។ នៅក្នុងនោះលោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងលោកស្រី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់មន្ត្រីមន្ទីរ និងរដ្ឋាករទឹកខេត្ត សម្រាប់ចូលរួមឱកាសភ្ជុំបិណ្ឌខាងមុខ៕